Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-កម្ពុជា ជាពិសេសការប្រឆាំងបដិវត្តន៍ពណ៌ ភេរវកម្ម និងបទល្មើសព័ត៌មានវិទ្យា (Video inside)

05-07-2019 11:14

(ម៉ូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាលោក ឌីមីទ្រី ត្សាវ៉េតកូវ (Dmitry Tsvetkov) បានថ្លែងឲ្យដឹងថា ប្រទេសរុស្ស៊ី និងកម្ពុជាកំពុងតែខិតខំពង្រឹង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការចូលរួមយ៉ាងសកម្មលើឆាកអន្តរជាតិ ដោយរួមមានទាំងក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការគំរាមកំហែងតាមផ្នែកព័ត៌មានវិទ្យាជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។

លោក Tsvetkov បាននិយាយដូច្នេះថា «រុស្ស៊ី និងកម្ពុជាកំពុងតែដើរលើផ្លូវដូចគ្នា ឆ្ពោះទៅរកដំណោះស្រាយសម្រាប់ បញ្ហាភាគច្រើនទៅតាមរបៀបវារៈអន្តរជាតិ ដោយឈរលើគោលការណ៍ មិនលូកដៃកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ គោលការណ៍មិនទទួលយកការមានស្តង់ដាពីរ នៅក្នុងទំនាក់ទំនងអន្តរជាតិ និងភាពមិនអាចទទួលយកបាន នៃការព្យាយាមផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈចលនាបដិវត្តន៍ពណ៌ ដែលជាការបំផុសបំផុលពីប្រភពខាងក្រៅ»

លោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានបន្តទៀតថា ប្រទេសរុស្ស៊ី និងកម្ពុជា កំពុងបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយផ្អែកលើលក្ខខណ្ឌថ្មីៗ និងស្ថានការណ៍អន្តរជាតិជាក់ស្តែង។ បើតាមលោក Tsvetkov កំឡុងទស្សនកិច្ចរបស់ប្រតិភូជាមន្រ្តីយោធាកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការនៃអង្គភាពប្រឆាំងភេរវកម្ម មកកាន់ប្រទេសរុស្ស៊ី កាលពីខែមីនាកន្លងទៅ ភាគីទាំងពីរបានជជែកគ្នាអំពីគោលជំហររៀងៗខ្លួន ជុំវិញបញ្ហាសំខាន់ទាំងអស់នៅលើរបៀបវារៈ នៃកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី និងកម្ពុជាក្នុងវិស័យការពារជាតិនិងវិស័យសន្តិសុខ។ កិច្ចពិភាក្សានោះ បានផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការឆ្លើយតបចំពោះបញ្ហាប្រឈមទូទៅ និងថ្មីៗចំពោះសន្តិសុខជាតិ រួមមានការវាយលុកតាមប្រព័ន្ធព័ត៌មានវិទ្យាជាដើម។

គួរជម្រាបថា នាឱកាសនោះ លោក Tsvetkov ក៏បានរំលេចនូវភាពរីកចម្រើន ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងក្នុងផ្នែក សង្គមស៊ីវិលរវាងរុស្ស៊ី និងកម្ពុជាផងដែរ ហើយលោកសង្ឃឹមថាប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងនេះ ឲ្យកាន់តែខ្លាំងថែមទៀត៕