(ភ្នំពេញ)៖ រដ្ឋសភា បានសម្រេចវ៉ាកងរយៈពេល៣ខែ ក្រោយបញ្ចប់សម័យប្រជុំលើកទី២ នីតិកាលទី៦ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន១០។ ក្នុងអំឡុងពេលវ៉ាកងនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញឱ្យតំណាងរាស្រ្តទាំងអស់ បន្តចុះមូលដ្ឋានរៀងៗខ្លួន ដើម្បីស្វែងយល់ពីការលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋ។
សម្តេច ហេង សំរិន បានប្រកាសតាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសវិស្សមកាលពីសម័យប្រជុំរដ្ឋសភាពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះទៅ ក្នុងរយៈពេល៣ខែនេះ ខ្ញុំសូមលើកទឹកចិត្ត ដល់សមាជិករដ្ឋសភាទំាងអស់ បន្តតួនាទី ភារកិច្ចទៅតាមមណ្ឌលនីមួយៗរបស់ខ្លួន ចុះជាប់ជាមួយម្ចាស់ឆ្នោត ដើម្បីចុះសិក្សាស្វែងយល់ពីការលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចំា ហើយរួមគ្នាដោះស្រាយ ឆ្លើយតបកង្វល់របស់ម្ចាស់ឆ្នោតឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។
ក្រៅពីបានបំពេញតួនាទីសំខាន់ៗ ខាងនីតិកម្ម ភាពជាតំណាងពលរដ្ឋ និងតាមដានការអនុវត្តច្បាប់ ដែលជាការងារស្នូលរបស់រដ្ឋសភា សមាជិក សមាជិការដ្ឋសភា បានចូលរួមការងារសង្គម កសាងហេដ្ឋាចរនាសម្ព័ន្ធនានា ជាមួយរាជរដ្ឋាភិបាល ដូចជា វត្តអារាម សាលា ផ្លូវ ស្ពាន ប្រឡាយទឹក មន្ទីរពេទ្យ ដើម្បីសម្រួល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
សម្តេចបានបញ្ជាក់បន្តថា៖ «នេះជាការទទួលខុសត្រូវរបស់យើង ហើយក៏ជាវប្បធម៌សាមគ្គី រួមសុខរួមទុក្ខជាមួយគ្នា ដែលយើងបានអនុវត្តតំាងពីដើមមក និងបន្តចូលរួមដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ ដូចជាផ្តល់អំណោយសង្រ្គោះបន្ទាន់ផ្សេងៗ ពេលពលរដ្ឋជួបគ្រោះធម្មជាតិ "ទុក្ខលំបាករបស់ប្រជាពលរដ្ឋជាទុក្ខលំបាករបស់តំណាងរាស្រ្ត"»៕