អាវុធហត្ថចាប់ និងបញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការរឿងប្រើហិង្សាក្នុងគ្រួសារ និងបំផ្លាញទ្រព្យសម្បត្តិ ក្រោយទទួលបណ្ដឹងពីប្រពន្ធ និងម្ដាយក្មេក
05-07-2019 11:02
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ និងបញ្ជូនខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សិដ្ឋ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ការបញ្ជូនខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងបន្ទាប់ពីមានបណ្តឹងរបស់ប្រពន្ធ និងម្តាយក្មេក ពាក់ព័ន្ធករណី ប្រើហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ។
បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សិដ្ឋ ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេស្រវឹងស្រា ប្រើហិង្សាក្នុងគ្រួសារ ដោយវាយបផ្លិចបំផ្លាញសម្ភារនៅក្នុងផ្ទះ។
សមត្ថកិច្ចដដែលបានបន្ថែមថា ជនសង្ស័យតែងតែផឹកស្រាស្រវឹងវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារញឹកញាប់ពេក ទើបប្រពន្ធ និងម្តាយក្មេកសម្រេចចិត្តប្តឹងសមត្ថកិច្ច ឲ្យចាប់បញ្ជូនទៅតុលាការ ដើម្បីឲ្យតុលាការ ចាត់ការផ្តន្ទាទោសតាមច្បាប់តែម្តង៕