លោកគ្រូ អ្នកគ្រូ សិស្ស និងពលរដ្ឋថ្លែងអំណរគុណអភិបាលខេត្តត្បូងឃ្មុំ ក្រោយសាងសង់ថ្នាក់រៀន ក្នុងសាលាបឋមសិក្សារំចេកឡើងវិញ បន្ទាប់ពីខ្យល់កន្ត្រាក់វាយបំផ្លាញ
05-07-2019 11:01
(ត្បូងឃ្មុំ)៖ ការលើកឡើងដោយក្តីរំភើបត្រេកអរ និងលើកម្រាមដៃ១០អរគុណរបស់លោកគ្រូ អ្នកគ្រូ និងពលរដ្ឋនៅឃុំរំចេក ស្រុកមេមត់ ធ្វើឡើងនាឱកាសលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងកូនៗ រួមដំណើរដោយមន្ត្រីក្រោមឱវាទនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យការខូចខាតថ្នាក់រៀនដោយផ្ទាល់ ក្នុងសាលាបឋមសិក្សារំចេក បន្ទាប់ពីខ្យល់កន្ត្រាក់បោកបក់ ក្នុងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ប្រជាពលរដ្ឋនៅទីនោះ បានលើកឡើងយ៉ាងដូច្នេះថា «នាងខ្ញុំ មានតែម្រាមដៃដប់ សូមគោរពអរគុណដល់លោកជំទាវ និងឯកឧត្តមបណ្ឌិត ដែលបានចុះមកមូលដ្ឋានឃុំនាងខ្ញុំផ្ទាល់ ជាពិសេសបងប្អូន និងលោកយាយ លោកតា នៅភូមិរំចេកផ្ទាល់ ដែលគាត់បាននិយាយថា គាត់ចាស់ចំណាស់នេះហើយ មិនដែលបានស្គាល់ និងឃើញមានអភិបាលខេត្តណាចុះមកដល់ភូមិនេះទេ ជាលើកទី១ហើយ សូមអរគុណ និងសូមគោរពជូនពរឯកឧត្តម និងលោកជំទាវ និងថ្នាក់ដឹកនាំទាំងអស់ ឲ្យជួបតែសុខភាពល្អ សេចក្តីសុខគ្រប់ពេលវេលា ដើម្បីបន្តការដឹកនាំដល់ពួកយើងខ្ញុំ តទៅមុខទៀត»។
ឆ្លើយតបភ្លាមៗលោក ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យអាជ្ញាធរ និងមន្ទីរជំនាញធ្វើការជួយជុលឡើងវិញដើម្បីឲ្យក្មួយៗ សិស្សានុសិស្សតូចៗ មានថ្នាក់រៀន បន្តការសិក្សា ក្រេបយកចំណេះវិជ្ជា ជាស្ពានឆ្លងទៅកាន់អនាគតដ៍ភ្លឺស្វាង។ ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានជួយឧបត្ថម្ភជាក្តារខៀន សម្ភារសិក្សា ព្រមទាំងថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕