(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព បើកកម្មវិធីការតាំងពិព័រណ៍អប់រំ លើស្នាដៃស្រាវជ្រាវរបស់គរុសិស្សកម្រិតឧត្តម (បរិញ្ញា+១) ជំនាន់ទី២៤ ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
កម្មវិធីនេះ ក៏មានការចូលរួមពីលោក សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលអប់រំនៃវិទ្យាស្ថានជាតិអប់រំ និងគរុនិស្សិតចំនួន ៨៤៦នាក់ ស្រី៣៩៣នាក់ផងដែរ។
ក្នុងឱកាសនោះ លោក សៀង សុវណ្ណា បានថ្លែងថា ការរៀបចំឱ្យមានការតាំងពិព័រណ៍នេះ មានបំណងចំនួន ៦យ៉ាងគឺ៖
១៖ ជំរុញគរុនិស្សិតឱ្យអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ តាមរយៈការផលិតសម្ភារៈឧបទេសបង្រៀន
២៖ ជំរុញគរុនិស្សិតឱ្យចេះកែលម្អវិធីសាស្ត្របង្រៀន និងរៀនដោយប្រើប្រាស់សម្ភារៈក្នុងស្រុក
៣៖ លើកកម្ពស់សមត្ថភាពស្រាវជ្រាវដល់គរុនិស្សិត និងគ្រូឧទ្ទេសទាំងទៅលើផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និងការផលិតសម្ភាររៀន និងបង្រៀន
៤៖ ជំរុញឱ្យមានការប្រឡងប្រណាំងក្នុងការផលិត និងប្រើប្រាស់សម្ភារៈរៀន និងបង្រៀន
៥៖ ជំរុញឱ្យគរុនិស្សិតចេះផ្សាភ្ជាប់ទ្រឹស្តី ដែលមានចែងក្នុងខ្លឹមសារមេរៀន ទៅនឹងការអនុវត្តជាក់ស្តែង
៦៖ បង្កើតឱ្យមានឥរិយាបថចូលរួមយ៉ាងសកម្ម ក្នុងការផលិតសម្ភារៈ សម្រាប់ការរៀន និងបង្រៀន។
ជាមួយគ្នានេះ លោក សៀង វណ្ណា បានថ្លែងបន្ថែមថា សារៈសំខាន់នៃការតាំងពិព័រណ៍នេះ មានចំនួន៣គឺ៖
១៖ ធ្វើឱ្យគរុនិស្សិតមានការយល់ដឹងពីតម្លៃ នៃការផលិតសម្ភារៈឧបទេសសម្រាប់បង្រៀន ដែលធ្វើឱ្យខ្លឹមសារមេរៀន មានលក្ខណៈងាយស្រួលយល់ និងយល់បានកាន់តែស៉ីជម្រៅជាងមុន
២៖ ធ្វើឱ្យគរុនិស្សិតមានការចាប់អារម្មណ៍ និងចូលចិត្តនៅក្នុងការស្រាវជ្រាវ
៣៖ ធ្វើឱ្យគរុនិស្សិតចេះសហការធ្វើការជាក្រុម បង្កើតបាននូវស្មារតីសាមគ្គីភាព យល់ដឹងពីតម្លៃសមូហភាព និងមិនមានគំនិតអាត្មានិយម។
លើសពីនេះទៅទៀត លោក ហង់ ជួនណារ៉ុន បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំទាំងអស់ ដែលបានខិតខំបំពេញ ការងារក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ទាំងផ្នែកគរុកោសល្យ និងសមត្ថភាពវិជ្ជាជីវៈ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ លោកបានអបអរសាទរ ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកអប់រំគ្រប់រូប នៃវិទ្យាស្ថានជាតិអប់រំ ព្រមទាំងគរុសិស្ស គរុនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងស្រាវជ្រាវបង្ហាញស្នាដៃបន្ថែមលើមុខវិជ្ជា ឯកទេសប្រកបដោយផ្លែផ្កា គួរជាទីមោទនៈ ដូចមានដាក់បង្ហាញស្រាប់។
លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់បុគ្គលិកអប់រំ និងគ្រូឧទ្ទេស ជាពិសេសគរុនិស្សិត ដែលនឹងក្លាយខ្លួនទៅជាគ្រូបង្រៀន កម្រិងឧត្តម ហើយចេញទៅបម្រើការងារ នៅតាមបណ្តាវិទ្យាល័យនានា ក្នុងទូទាំងប្រទេស សូមឱ្យខិតខំបញ្ចេញអស់ពីសមត្ថភាព ក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់គរុនិស្សិត ក៏ដូចជាសិស្ស ឱ្យបន្តស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ជំនាញ ឥរិយាបទក្នុងការបង្រៀន និងរៀនប្រកបដោយប្រសិទ្ធផល។ លោកថ្លែងថា «ទាំងអស់នេះ គឺជាអ្វីដែលខ្ញុំចង់លើកឡើង ដែលពាក់ព័ន្ធនឹងតួនាទី និងភារកិច្ចរបស់គ្រូបង្រៀននៅកម្ពុជា ក្នុងបរិបទឧស្សាហកម្ម៤.០ នៃយុគ្គសម័យឌីជីថល»៕