(ភ្នំពេញ)៖ កម្លាំងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មជាច្រើននាក់ បានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ដើម្បីសង្គ្រោះជីវិត» នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំ លេខាធិការដ្ឋាននៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងភេរវកម្មផ្ទាល់តែម្តង ដោយមានការចូលរួមពីលោក ឋាន សុខេន មេបញ្ជាការរងនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោក ឋាន សុខេន បានឲ្យដឹងថា នេះជាលើទី៧ហើយ ដែលបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដើម្បីរៀបចំកម្មវិធីផ្តល់ឈាមសប្បុរសនេះ។ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានឈនៅលំដាប់ឈានមុខគេ ក្នុងនាមជាស្ថាប័ន មានអ្នកបរិច្ចាគឈាមច្រើនជាងគេបំផុត ក្នុងចំណោមស្ថាប័នរដ្ឋដទៃទៀត ដើម្បីផ្គត់ផ្គង់កង្វះខាតឈាមទូទាំងប្រទេសកម្ពុជា។
លោកមេបញ្ជាការរងក៏បានសន្យាថា បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នឹងនៅតែបន្តប្រារព្ធកម្មវិធីបរិច្ចាគឈាមនេះជាបន្តបន្ទាប់ ដើម្បីបង្ហាញឲ្យឃើញពីភាពអង្គអាចក្លាហាន មុះមុតរបស់កងកំលាំង ពលទាហានទាំងអស់ ក្នុងទឹកចិត្តស្នេហាជាតិ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។
ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះយោធានៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលបានចូលរួមក្នុងការបរិច្ចាគឈាមយ៉ាងច្រើនកុះករ ក្នុងកំលុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកប្រធាន សូមសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជាដទៃទៀត ចូលរួមក្នុងការបរិច្ចាគឈាមឲ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការឈាម ដែលនឹងមានការកើនឡើងជារៀងរាល់ថ្ងៃ។
ដើម្បីលើទឹកចិត្តដល់សប្បុរសជន ដែលបានផ្តល់ឈាមដោយស្ម័គ្រក្រុមហ៊ុនទឹកពិសា វីតាល់បានផ្តល់ទឹក វីតាល់៦ដប រួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើ ការឧបត្ថម្ភទឹកវីតាល់ក្នុងការប្រើប្រាស់ក្នុងកម្មវិធី។
កម្មវិធិបរិច្ចាគឈាមត្រូវបានសម្គាល់ថាជា កម្មវិធីសប្បុរសធម៌ដ៏ល្អបំផុតមួយសម្រាប់សង្គមជាតិ ដោយហេតុថា មកទល់នឹងបច្ចុប្បន្ននេះ មិនវិទ្យាសាស្ត្រមិនទាន់អាច ផលិតគ្រាប់ឈាម បាននៅឡើយ រាល់ការបរិច្ចាគ គឺអាចជួយសង្គ្រោះជីវិតមនុស្ស បានដល់ទៅ ៣នាក់ ដែលជាគុណតម្លៃមិនអាចកាត់ថ្លៃបាន។ ដូច្នេះហើយទើបវីតាល់ រីករាយ និងកោតសរសើរដល់ទឹកចិត្តមន្ត្រីរាជការ សិស្សានុសិស្ស និងតាមស្ថាប័នរដ្ឋនានា ដែលមានបានចូលរួមចំនែកយ៉ាងសកម្ម កម្មវិធីមនុស្សធម៌ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋដទៃ៕