(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យមន្ត្រីមូលដ្ឋាន និងមន្រ្តីជំនាញ ផ្អាកការសាងសង់ជាបន្ទាន់ចំពោះការដ្ឋានសំណង់ធំៗ និងខ្ពស់ចាប់ពី ៥ជាន់ឡើងទៅចំនួន ១៥កន្លែង ក្នុងចំណោម ១៦ទីតាំង ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ បន្ទាប់ពីត្រួតពិនិត្យរកឃើញថា សាងសង់ខុសបច្ចេកទេស និងពុំទាន់ទទួលបានច្បាប់សាងសង់ត្រឹមត្រូវ។
លោក ស៊ូ សោគន្ធ បានប្រាប់មន្ត្រីថា ប្រសិនបើម្ចាស់សំណង់មិនស្ដាប់ការណែនាំ ហើយនៅតែបន្តសាងសង់ ត្រូវមានវិធានការតាមបែបបទរដ្ឋបាល និងអាចឈានដល់ការកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណាត់ការរបស់រដ្ឋបាលខណ្ឌឬស្សីកែវខាងលើនេះ ឆ្លើយតបទៅនឹងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចំណាត់របស់អភិបាលរងខណ្ឌ ទទួលបន្ទុកផ្នែកសំណង់រូបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយជាមួយម្ចាស់សំណង់ធំៗ និងខ្ពស់ៗ ចាប់ពី ៥ជាន់ឡើងទៅចំនួន ១៦តាំង ដែលកំពុងដំណើរការសាងសង់ ឲ្យយកឯកសារច្បាប់ពាក់ព័ន្ធទាំងឡាយស្ដីពី ការសាងសង់មកបង្ហាញមន្ត្រីជំនាញនៅសាលាខណ្ឌ នាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំពិភាក្សានោះលោក ស៊ូ សោគន្ធ បានលើកឡើងថា ការផ្អាកការសាងសង់ជាបន្ទាន់ភ្លាមៗ ដោយសារមន្ត្រីជុំនាញចុះអនុវត្តត្រួតពិនិត្យជាក់ស្ដែងផ្ទាល់ បានរកឃើញ ថាការដ្ឋានសំណង់និមួយៗ សាងសង់ខុសបច្ចេកទេស ខ្លះទៀត ស្នើសុំច្បាប់សាងសង់ទៅសាលារាជធានីភ្នំពេញ ឬក្រសួងរៀបចំដែនដី តែមិនទាន់ទទួលបានច្បាប់ត្រឹមត្រូវនៅឡើយ ដែលអាចប្រឈមការបាក់រលំអគារកំពស់៧ជាន់ ដូចនៅក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់ ២៨នាក់ និងរបួស២៦នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើន។
លោកអភិបាលរងខណ្ឌ បានអះអាងថា តាមបែបបទ នៃច្បាប់សាងសង់សំណង់របស់រដ្ឋបាលខណ្ឌ អនុញ្ញាតឲ្យបានត្រឹមតែទំហំក្រោម ៥០០ម៉ែត្រការ៉េ។ ប៉ុន្តែលើសពីនេះ ទាល់តែស្នើសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវពីសាលារាជធានីភ្នំពេញ និងដល់ក្រសួងរៀបចំដែនដី។
លោកអភិបាលរងបានលើកយកខ្លឹមសារមាត្រា១៩ ស្ដីពីការរៀបចំការដ្ឋានសំណង់ ការដាក់គរសម្ភារសំណង់លើផ្លូវសាធារណៈត្រូវហាមឃាត់ ដែលបានចែងថា «កាលណាសំណង់ត្រូវការកន្លែងតាំងការដ្ឋានលយទៅលើផ្លូវសាធារណៈកន្លែងលយនោះ ត្រូវកំណត់ត្រឹម២ម៉ែត្រ ទៅលើចិញ្ចើមផ្លូវ។ កន្លែងនោះត្រូវធ្វើរបងហ៊ុព័ទ្ធ ក្នុងរយៈពេលដំណើរការរបស់ការដ្ឋាន។ រាល់កន្លែងតាំងការដ្ឋានត្រូវរុះរើចេញក្នុងរយៈពេលមួយសប្ដាហ៍ ក្រោយពេលចប់ការដ្ឋាន។ គំនរសម្ភារ កាកសំណល់បានមកពីការរុះរើ ឬពីការសាងសង់ ឬជាការជួសជុលត្រូវយកចេញក្នុងរយៈពេលមួយសប្ដាហ៍ ក្រោយពេលចប់ការងារ»៕