(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) មិនមានអ្វីគួរឱ្យបារម្ភនោះទេ ប៉ុន្តែរឿងដែលសម្តេចព្រួយបារម្ភ គឺភាពស្ពឺកស្រពន់របស់មន្រ្តី ក្នុងការអនុវត្តការងារពង្រឹងលទ្ធភាពរបស់ខ្លួន។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសស្វីសជាង១២០០នាក់ នាយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបាត់បង់ EBA មិនបានធ្វើឱ្យកម្ពុជាស្លាប់ ហើយការមាន EBA ក៏មិនអាចធ្វើឱ្យកម្ពុជាមានបានដែរ។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា សម្តេចមិនបានបារម្ភរឿងបាត់ EBA នោះទេ ដោយសារតែ EBA គង់តែនឹងបាត់បង់នៅពេលកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ប៉ុន្តែអ្វីដែលបារម្ភ គឺការស្ពឹកស្រពន់របស់មន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍ថា ប្រទេសនៅអាហ្វ្រិកមួយចំនួនមិនទទួលការអនុគ្រោះពន្ធនោះទេ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ ប្រព័ន្ធ EBA អាចនឹងលុបចោល ប្រសិនបើរកឃើញថាប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។
ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលា ដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្ត នាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធរយៈពេលជាង១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះជារឿងភាពអយុត្តិធម៌បំផុត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕