(ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបបួលទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅប្រទេស ស្បថដាក់ជីវិតទាំងក្រុមតែម្តង ចំពោះការចោទប្រកាន់ថា អ្នកដែលទៅគ្រាំទ្រសម្តេចរាប់ពាន់នាក់ នៅប្រទេសស្វីសថា ត្រូវបានជួលក្នុងតម្លៃ២០០ ដល់២០០០ដុល្លារក្នុងម្នាក់ៗ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសស្វីសជាង១២០០នាក់ នាយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
ការបបួលស្បថនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានលើកឡើងលើ Facebook របស់លោកថា សម្តេចតេជោ ហ៊ុន សែន បានជួលមនុស្សឲ្យមកស្វាគមន៍ ដោយឲ្យកម្រៃពី ២០០ ដុល្លារ ទៅ ២០០០ ដុល្លារ ម្នាក់ អាស្រ័យលើមកពីជិត-ឆ្ងាយ។
នៅចំពោះមុខអ្នកគាំទ្រទាំងនោះ សម្តេចតេជោ ហ៊ុន សែន បានរិះគន់មិនចំឈ្មោះតែទំនងជាសម្តៅទៅកាន់ទណ្ឌិត សម រង្ស៉ី ដែលបានចោទប្រកាន់ទៅលើអ្នកគាំទ្រ របស់សម្តេចនៅក្រៅប្រទេស។ សម្តេចចាត់ទុកថា ការចោទប្រកាន់នេះ គឺជាការប្រមាថ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំប្រជាពលរដ្ឋខ្មែរដែលមកជួបសម្តេចស្បថឱ្យស្លាប់ទាំងអស់គ្នា បើសិនជំនួបនេះមានការជួល ឬទិញដូរនោះ។ ផ្ទុយទៅវិញបើមិនមានការជួល ឬទិញដូរ គឺឱ្យអ្នកចោទនោះស្លាប់ដូចគ្នាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបគ្នារវាងសម្តេច និងប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប គឺជាការរត់រកគ្នានៃឈាមខ្មែរដូចគ្នា៕