(ហ្សឺណែវ, ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋ សិស្ស និងនិស្សិត នៅក្នុងប្រទេសស្វីស និងប្រទេសមួយចំនួននៅអឺរ៉ុប នាព្រលប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅប្រទេសស្វីស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជិត៣ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានវិលមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់អឺរ៉ុបជាថ្មី បន្ទាប់ពីជួបកាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងហៅការស្កាត់មកជួបសម្តេចរបស់បងប្អូនប្រជាពលរដ្ឋនៅអឺរ៉ុប គឺជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋនៅអឺរ៉ុប ចំពោះប្រទេសជាតិតាមរយៈតំណាងស្របច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងហួសចិត្តចំពោះការលើកឡើងមួយចំនួនថា ប្រជាពលរដ្ឋមកជួបសម្តេចមានការទិញដូរ។ សម្តេចតេជោ បានចាត់ទុកការលើកឡើងបែបនេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ។
* សម្តេចតេជោ បានថ្លែងថា សម្តេចនឹកស្មានមិនដល់សោះថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនអាចហារមាត់ចោទប្រកាន់ និងប្រមាថបែបនេះទៅរួច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានតស៊ូក្នុងសរមភូមិសង្គ្រាមពីអតីតកាលតែសម្តេចមិនដែលប្រមាថប្រទេសជាតិម្តងណានោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សមាជិកគណបក្សប្រជាជនកម្ពុជា ធ្លាប់មានអ្នកដើរចេញពីបក្សតែសម្តេចមិនដែលជេរប្រមាថអ្នកដើរចេញនោះឡើយ។ ផ្ទុយទៅវិញមានតែគិតថា មកពីគណបក្សនៅមានចំណុចខ្វះចន្លោះទើបពួកគេដើរចេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការសោកស្តាយមួយចំពោះកម្ពុជា ដែលមានជនចេះតែធ្វើទង្វើជាការប្រមាថ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំប្រជាពលរដ្ឋខ្មែរដែលមកជួបសម្តេចស្បថឱ្យស្លាប់ទាំងអស់គ្នា បើសិនជំនួបនេះមានការជួល ឬទិញដូរនោះ។ ផ្ទុយទៅវិញបើមិនមានការជួល ឬទិញដូរ គឺឱ្យអ្នកចោទនោះស្លាប់ដូចគ្នាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបគ្នារវាងសម្តេច និងប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប គឺជាការរត់រកគ្នានៃឈាមខ្មែរដូចគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសធ្វើបាតុកម្មនៅថ្ងៃទី០៥ កក្កដា របស់អ្នកប្រឆាំងនៅអឺរ៉ុប គឺជាលេសមួយរបស់ពួកគេដើម្បី ចោទសម្តេចថារត់ចេញពីអឺរ៉ុប។
* សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានប្រកាសរួចហើយដំណើរនៅអឺរ៉ុប គឺបញ្ចប់នៅថ្ងៃទី០៥ ដូច្នេះសុំកុំយកលេសនេះដើម្បីកេងចំណេញ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ក្រុមប្រឆាំងទើបដាក់ពាក្យស្នើសុំច្បាប់ធ្វើបាតុកម្មនៅស្វីស ដូច្នេះនៅថ្ងៃទី០៥ ខែកក្កដា ក៏មិនមានបាតុកម្មនោះដែរ ព្រោះគោលការណ៍នៅស្វីសត្រូវការពេល៤៨ម៉ោងក្នុងការសម្រេចថាឱ្យ ឬមិនឱ្យសម្រាប់ការសុំធ្វើបាតុកម្មនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីឆ្នាំទៅគេនិយាយថា អាមេរិកមិនឱ្យសម្តេចជាន់ដីអាមេរិកទេ តែពេលសម្តេចទៅអាមេរិកប្រជុំអង្គការ សហប្រជាជាតិសមត្ថកិច្ចអាមេរិកតាមការពារសម្តេច ព្រោះសម្តេចជាភ្ញៀវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាយុវជននៅក្រៅបានចូលរួមថវិកាជាង ១៧ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយដល់អ្នករងគ្រោះដោយសារ ការបាក់រលំអគារនៅព្រះសីហនុ។ ក្នុងនោះយុវជននៅអឺរ៉ុបមានជាង ២ម៉ឺនដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមនេះជាការជួយរំលែកដល់ទុក្ខលំបាករបស់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ។
* ករណីគ្រោះឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានចេះជួយគ្នាក្នុងពេលមានគ្រាអាសន្ន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរ ពាក់ព័ន្ធការប្រើឯកសណ្ឋានជាយោធាក្នុងពេលចុះដឹកនាំប្រតិបត្តិការជួយសង្គ្រោះនៅខេត្តព្រះសីហនុនោះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមានទម្លាប់ក្នុងការប្រើប្រាស់ឯកសណ្ឋាន។ ក្នុងនោះពេលចុះវាលស្រែប្រើឯកសណ្ឋានចុះវាលស្រែ ការងារទូតប្រើឯកសណ្ឋានទូត ពេលចុះជួបកម្មករ គឺប្រើឯកសណ្ឋានជួបកម្មករ។
* សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់ការចុះប្រតិបត្តិការក្នុងការសង្គ្រោះបែបនេះ គឺសម្តេចទម្លាប់ប្រើឯកសណ្ឋានជាយោធា ព្រោះសម្តេចក៏ជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ផងដែរ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ពេលប្រជុំនៅថៃ ត្រចៀកសម្តេចម្ខាងស្តាប់ការសំឡេងកិច្ចប្រជុំ និងត្រចៀកម្ខាងទៀតសម្រាប់ការរាយការណ៍ជុំវិញប្រតិបត្តិការសង្គ្រោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចបានមកដល់ផ្ទះ ក្នុងត្រចៀកសម្តេចហាក់មានសំឡេងមនុស្សដង្ហោយស្រែកឱ្យជួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចហាក់មានញាណមួយផ្សារភ្ជាប់ជាមួយជនរងគ្រោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានវត្តមានសម្តេចនៅកន្លែងកើតហេតុទេនោះ ជីវិតជនរងគ្រោះចុងក្រោយពីរនាក់ប្រហែលអាច នឹងជួយសង្គ្រោះជីវិតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរច្រើនណាស់បានសម្តែងការសោកស្តាយចំពោះការបាត់បង់ក្នុងឧបទ្ទវហេតុនេះ។ តែមានមនុស្សមួយក្រុមគិតតែពីរឿងដកដាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចុងខ្សែពីរ នៃចំណងមួយនៅតែបន្តជាយុទ្ធសាស្ត្រគន្លឹះសម្រាប់ដោះស្រាយគ្រប់បញ្ហារបស់ជាតិ។ ចុងខ្សែទីមួយ គឺរក្សាឱ្យបានសន្តិភាព និងចុងខ្សែមួយទៀត គឺការរក្សាឱ្យបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីព្រឹត្តិការណ៍ហូបនំបញ្ចុកផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចធ្លាប់បានយកឈ្នះ «យុទ្ធសាស្ត្រច្រេះស៊ីដែក» ដោយយកដែកទៅដុតធ្វើជាកាំបិតតែម្តង។ ឥឡូវសម្តេចមិនយកយុទ្ធសាស្ត្រ «បន្លាជួសបន្លា»ទេ តែសម្តេចបានយកយកយុទ្ធសាស្ត្រវាយបំបាក់បន្លាតែម្តង។ ពោលមិនមាននំបញ្ចុកស្នេហាជាតិនោះទេ គឺមានតែនំបញ្ចុករួបរួមជាតិ។
* សម្តេចតេជោ បានថ្លែងថា ការរក្សាអតិផរណាឱ្យទាប បូករួមទាំងការគិតគូរថ្លៃសាំងជាដើម ដើម្បីធានាថ្លៃសាំងវាមិនឱ្យថ្លៃពេក អគ្គិសនីកាត់បន្ថយតម្លៃ ជាមួយការផ្តល់សេវាគាំពារសង្គមជាដើម ជាយុទ្ធសាស្ត្រក្នុងការរក្សាស្ថេរភាពសេដ្ឋកិច្ចកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដាច់ឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចមានរហូតដល់ ៧.៥ភាគរយ ប្រៀបធៀបជាមួយគោលដៅត្រឹម ៧.១ភាគរយ។ នេះជាផលិតផលធំណាស់សម្រាប់កម្ពុជាក្នុងកាលៈទេសៈសង្គ្រាមពាណិជ្ជកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បទពិសោធន៍ខ្វះថាមពលអគ្គិសនីនៅរដូវប្រាំងឆ្នាំ២០១៩នេះ បានធ្វើឱ្យកម្ពុជាបញ្ចេញថវិកាទិញម៉ាស៊ីនភ្លើងពីហ្វាំងឡង់ និងអាល្លឺម៉ង់ ដើម្បីទុកប្រើប្រាស់ចៀសវាងបញ្ហាច្រំដែល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមុនភ្នំពេញ ត្រូវការភ្លើងត្រឹមប្រមាណ ៣០មេហ្គាវ៉ាត់ តែឥឡូវត្រូវការរហូតដល់ប្រមាណ ១ពាន់មេហ្គាវ៉ាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលសម្តេចជួបអ្នកវិនិយោគស្វីស សម្តេចបានគាំទ្រឱ្យមានការវិនិយោគបង្កើតមន្ទីរពេទ្យថ្មី ព្រោះបច្ចុប្បន្នពលរដ្ឋខ្មែរច្រើនទៅព្យាបាលនៅក្រៅប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជំនួបជាមួយអ្នកវិនិយោគស្វីស សម្តេចក៏បានគាំទ្រឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស, ការវិនិយោគលើការតបណ្តាញខ្សែបញ្ជូនអគ្គិសនី, ការវិនិយោគលើបច្ចេកវិទ្យា និងការអប់រំផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងធំពីរកំពុងប្រឈមនៅភ្នំពេញនាពេលបច្ចុប្បន្នរួមមានការខ្វះចំណត់រថយន្ត និងបញ្ហាសំរាម ដែលមួយថ្ងៃមានរហូតដល់ ៣ពាន់តោន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអភិបាលរាជធានីលោក ឃួង ស្រេង សិក្សារកកន្លែងធ្វើចំណតយានយន្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានក្រុមហ៊ុនបោកប្រាស់បានដឹកសំរាមចូលមកកម្ពុជា។ ឥឡូវកម្ពុជាកំពុងបង្ខំឱ្យដឹកចេញទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើកំណែទម្រង់សម្តៅធ្វើការប្រកួតប្រជែង។ សម្តេចតេជោ បានថ្លែងថា កម្ពុជាបច្ចុប្បន្នបានប្រែប្រួលមុខមាត់ហើយ កម្ពុជាពីមុនខ្វះស្បៀង តែបច្ចុប្បន្នកម្ពុជាក្លាយជាប្រទេសនាំចេញអង្ករ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំចេញអង្ករទៅកាន់ប្រទេសអឺរ៉ុប នៅតែបន្តទោះត្រូវបង់ពន្ធក៏ដោយនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវតែនាំគ្នាខិតខំ ដើម្បីធានាថា សេដ្ឋកិច្ចកម្ពុជាមិនដួលរលំនោះឡើយ ទោះបីបាត់បង់ផ្នែកណាមួយក៏ដោយនោះ។
* សម្តេចតេជោ បានថ្លែងថា ការកែទម្រង់សេវាដឹកជញ្ជូន និងសេវាកំពង់ផែ បានកាត់បន្ថយការចំណាយថ្លៃដើមបានយ៉ាងច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាន EBA មិនធ្វើឱ្យកម្ពុជាមាន បាត់ EBA មិនធ្វើឱ្យកម្ពុជាស្លាប់។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនបារម្ភរឿងបាត់ EBA នោះទេ អ្វីដែលបារម្ភ គឺការស្ពឹកស្រពន់របស់មន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសនៅអាហ្វ្រិកមួយចំនួនមិនទទួលការអនុគ្រោះពន្ធនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលុបភាពអនុគ្រោះពន្ធ គឺដូចជាអំបិលត្រូវទឹក ហើយរួមសម្លាប់ពួកផ្កាប់មុខផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនឱនក្បាលនោះទេ ប៉ុន្តែបើគេឱ្យក៏អរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាចង់ទៅប្រទេសជាសិទ្ធិគ្មាននរណាហាមឃាត់ទេ ទៅពេលណាក៏បាន។ មិនមែនសម្តេចជាអ្នកកំណត់ឱ្យចូល ឬមិនចូលនោះទេ។ ប៉ុន្តែអ្នកមានដីការជាប់ខ្លួនត្រូវតែទៅចូលគុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនបរទេសចូលកម្ពុជាត្រូវសុំទិដ្ឋាការ បើមិនសុំទេសាកចូលមើលទៅ។
* សម្តេចតេជោ ហ៊ុន សែន បានចោទទៅសួរក្រុមប្រឆាំងថា ហេតុអ្វីទៅចាប់សម្តេចស្រួលៗម្ល៉េះ។ សម្តេចតេជោ បានផ្តាំថា កុំជឿអ្នកដែលជួយខ្លួនឯងមិនបាន។ សម្តេចតេជោ បានថ្លែងថា ជួយខ្លួនឯងមិនបានផង តើទៅជួយនរណាបាន?
* សម្តេចតេជោ ហ៊ុន សែន ហៅទណ្ឌិត សម រង្ស៉ី ជាមនុស្សភូតដូរបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ល្បិចបំបែកបំបាកសម្តេចជាមួយសម្តេច ស ខេង ពីទណ្ឌិត សម រង្ស៉ី ជាល្បែងកូនក្មេង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនរបស់អឺរ៉ុបប្រមាណ ៤០០ក្រុមហ៊ុនកំពុងរកស៊ីនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមនុស្សមួយចំនួនបានលើកឡើងច្រំដែលៗអំពីអន្ទាក់បំណុលចិន។ សម្តេចតេជោ បានចោទសួរថា តើប្រទេសនៅអឺរ៉ុបមួយណាមិនមានបំណុល ហើយប្រហែលខ្ពស់ជាងកម្ពុជាថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អនុបាតបំណុលសម្រាប់កម្ពុជា គឺមានជិត ៤០ភាគរយ ប៉ុន្តែកម្ពុជាទើបខ្ចី ២១ភាគរយប៉ុណ្ណោះរាប់ទាំងបំណុលចាស់ផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខ្ចីប្រាក់បរទេសបានគិតម៉ត់ចត់ណាស់ គឺយកតែបំណុលតែមានការប្រាក់ទាបប៉ុណ្ណោះ។ កម្ចីមិនមែនមានតែចិននោះទេ គឺមានពីដៃគូជាច្រើនផ្សេងទៀត។
* សម្តេចតេជោ បានថ្លែងថា កម្ពុជាខ្ចីពីដៃគូច្រើនណាស់ ហេតុអ្វីក៏រករឿងតែចិន។ នេះជារឿងភូមិសាស្ត្រនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងចិនជិតគ្នា តើមានហេតុផលអ្វីចាំបាច់ចិនបង្កើតមូលដ្ឋានទ័ពនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងថា ប្រវត្តិសាស្ត្រចិនកម្រនាំទ័ពចេញក្រៅប្រទេសណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណងរដ្ឋធម្មនុញ្ញមិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសនៅលើដីកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យមានទ័ពកម្ពុជានៅលើទឹកដីប្រទេសដទៃនោះដែរ។ លើកលែងតែកងទ័ពបំពេញការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនថាទ័ពចិន ឬកងទ័ពប្រទេសណានោះឡើយ មិនត្រូវមានវត្តមានលើទឹកដីកម្ពុជានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍ទាំងអស់សម្រាប់ការហ្វឹកហាត់រួមគ្នាជាមួយគ្រប់ប្រទេសទាំងអស់។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចចង់បបួលវៀតណាម និងថៃ ធ្វើសមយុទ្ធរួមគ្នានៅតាមព្រំដែន។ តែជាសមយុទ្ធនោះ គឺការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយផ្សេងៗ។
* សម្តេចតេជោ បានថ្លែងថា មានប្រទេសតែ៣ប៉ុណ្ណោះជួយលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានជប៉ុន ចិន និងកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនមានវត្តមានចិន តើស្ពានជ្រោយចង្វារទី២កើតទេ ស្ពានព្រែកក្តាម ស្ពានព្រែកតាម៉ាក់ ស្ពានសេកុងស្ទឹងត្រែង...កើតទេ។ ផ្លូវប្រវែង ២ពាន់គីឡូម៉ែត្រវាកើតទេ បើចិនមិនជួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនបានជួយតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា។ នៅសល់តែការតភ្ជាប់រវាងសំឡូត បាត់ដំបង មកថ្មដា ខេត្តពោធិ៍សាត់តែប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនាគារត្រៀមផ្តល់កម្ចីប្រមាណ ១ពាន់លានដុល្លារ និងអាស៊ី ៦០០លានដុល្លារសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា បើគ្មានចិនជួយទេ តើនរណាបំពេញចន្លោះប្រហោងរបស់កម្ពុជា?
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសដទៃបើខ្លាចចិនមានឥទ្ធិពលខ្លាំងលើកម្ពុជា សូមវិនិយោគឱ្យដូចប្រទេសចិនទៅ។ កម្ពុជា មិនមានការរើសអើងសម្រាប់អ្នកវិនិយោគបរទេសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយចំនួនដែលរិះគន់វត្តមានចិននៅកម្ពុជា មាន «China Town» នៅក្នុងប្រទេសខ្លួន។ តែកម្ពុជាអត់មាន «China Town» ទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដីនៅកម្ពុជាឡើងថ្លៃ ព្រោះតែការវិនិយោគរបស់ចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដទៃប្រឹងប្រែងរកស៊ីជាមួយចិន តែហេតុអ្វីមកធ្វើបាបតែកម្ពុជា? សម្តេចតេជោបញ្ជាក់ថា ចិនមិនមាននយោបាយដាក់អណានិគមលើប្រទេសណាមួយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកកកាលពីខែមុននេះ សម្តេច និងលោក មហាធា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើចលនាឱ្យមានការគាំទ្រផលិតក្នុងតំបន់ឱ្យបានច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅស្វីស នៅវេលាម៉ោង០០៖៤៥នាទី ម៉ោងនៅកម្ពុជា៕