(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញធ្វើបទបង្ហាញលើកទី៣ ស្តីពី «សញ្ញាណទូទៅ និងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះមានការចូលរួមពីលោក សេង ហ៊ាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក-លោកស្រីស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ទាំង២៥រាជធានី-ខេត្ត។

បទបង្ហាញនេះ គឺរៀបចំឡើងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ អំពីការងារប្រឆាំងការសម្អាតប្រាក់ ដែលជាសញ្ញាណថ្មីសម្រាប់មន្ត្រីអនុវត្តច្បាប់ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៣៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តច្បាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្របទៅតាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តច្បាប់ ក្នុងប្រតិបត្តិការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ក្នុងពិធីនេះដែរ អង្គភាពស៊ើបការណ៍ហិរញ្ញវត្តុកម្ពុជា ក៏បានផ្ដល់សៀវភៅយុទ្ធសាស្ត្រជាតិ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីចែកជូនដល់លោក-លោកស្រី ដែលបានចូលរួមក្នុងបទបង្ហាញខាងលើផងដែរ៕