(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអះអាងថា រដ្ឋសភានឹងកោះហៅមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ក្នុងជួររាជរដ្ឋាភិបាល ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងបញ្ហាអនុវត្តការងាររបស់ខ្លួនជាបន្តបន្ទាប់ នៅពេលខាងមុខនេះ ក្រោយពេលសភាចូលកងឡើងវិញ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បន្ទាប់ពីបញ្ចប់ការឆ្លើយបំភ្លឺផ្ទាល់មាត់របស់ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងសម័យប្រជុំរដ្ឋសភា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ឈាង វុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អូអាហ្នឹងមកបន្តកន្ទុយគ្នា ហើងអីឡូវយើងវ៉ាកង នឹងបន្តចូលកងវិញ គឺកោះហៅរដ្ឋមន្ត្រីបន្តកន្ទុយគ្នាហើយ មួយអាទិត្យមួយ មួយអាទិត្យមួយ មួយអាទិត្យមួយ ហើយការសួរដេញដោលកាន់តែខ្លាំងទៅ កាន់តែស៊ីជម្រៅទៅ រហូតដល់ពេលបោះឆ្នោត»។
លោក ឈាង វុន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបើកផ្លូវរដ្ឋសភា កោះហៅរដ្ឋមន្រ្តី ឬមន្ត្រីណាមួយរបស់រាជរដ្ឋាភិបាលឱ្យចូលបំភ្លឺ ដើម្បីចូលរួមវាយតម្លៃអំពីការបំពេញតួនាទីរបស់ពួកគាត់ ជាក់ស្តែងគ្រាន់សំណើសុំ ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលមកបំភ្លឺនៅចំពោះមុខរដ្ឋសភា គឺសម្តេចបានចុះហត្ថលេខាយល់ព្រមភ្លាមៗតែម្តង។
លោក ឈាង វុន បានបន្ថែមទៀតថា កត្តាដែលរដ្ឋសភាកោះហៅរដ្ឋមន្ត្រី ឬមន្ត្រីអង្គភាពណាមួយមកបំភ្លឺ គឺដើម្បីធ្វើយ៉ាងមិនឱ្យរដ្ឋមន្ត្រី ឬប្រធានអង្គភាពណាមួយធ្វើការងាររបស់ខ្លួនធូររលុងលើផ្នែកណាមួយនៃដែនសមត្ថកិច្ចរបស់ខ្លួន ដែលរដ្ឋាភិបាលបានប្រគល់ជូន។ ដូច្នេះ ក្នុងនាមរដ្ឋសភា ដែលស្ថាប័នកំពូលរបស់ជាតិ មានតួនាទីពង្រឹងនីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសគឺពង្រឹងសេចក្តីសុខ របស់ប្រជាពលរដ្ឋទាំងមូលផងដែរ។
ជាមួយគ្នានេះដែរលោក ឈាង វុន បានបង្ហើបទៀតថា បន្ទាប់ពីចូលកងវិញ បញ្ហាដែលរដ្ឋសភាចង់ដឹងនោះ គឺពាក់ព័ន្ធនឹងការគ្រប់គ្រងធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលពលរដ្ឋជាច្រើនរងគ្រោះដោយការប្រាក់ បញ្ហាព័ត៌មានក្លែងក្លាយ រួមទាំងបញ្ហាមួយចំនួនទៀតជាដើម។
គួរជម្រាបថា នៅថ្ងៃទី៤ ខែកក្កដា នេះ រដ្ឋសភាបានកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យចូលបំភ្លឺនៅក្នុងសម័យប្រជុំរដ្ឋសភា ពាក់ព័ន្ធនឹងការពង្រឹងច្បាប់។ ការកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចូលបំភ្លឺនេះ ធ្វើឡើងតាមសំណើរបស់ គណៈកម្មការទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយ លោក ប៉ែន បញ្ញា។
នេះជាលើកទី១ហើយ ដែលរដ្ឋសភា នីតិកាលទី៦ បានកោះហៅរដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាល ទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការអនុវត្តការងារ ចាប់តាំងពីចូលកាន់តំណែងសម្រាប់អាណត្តិថ្មី រយៈពេល១ឆ្នាំ កន្លងមក។ កន្លងទៅ ការកោះហៅរដ្ឋមន្រ្តីបំភ្លឺញឹកញាប់ គេឃើញមានសកម្មភាពច្រើន តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តែប៉ុណ្ណោះ៕