Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យការពារជាតិ៖ «កម្ពុជា បដិសេធជំនួយអាមេរិក ក្នុងការសាងសង់អគារ» ជាដំណឹងមិនពិត

04-07-2019 20:59

(ភ្នំពេញ)៖ ការចុះផ្សាយថា «កម្ពុជាបដិសេធចំពោះជំនួយសហរដ្ឋអាមេរិក ក្នុងការជួសជុល អគារមួយកន្លែង នៅមូលដ្ឋានកងទ័ពជើងទឹករាម» គឺជាដំណឹងមិនពិតនោះទេ។ នេះបើតាម ការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត បន្ទាប់ពីមានអ្នកសារព័ត៌មានជាច្រើន បានជជីកសួរលោកអំពីបញ្ហានេះ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ការផ្សព្វផ្សាយចោទប្រកាន់ថា "ក្រសួងការពារជាតិកម្ពុជា បានបដិសេធជំនួយអាមេរិក ដែលសុំជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកនាវា របស់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា" គឺជាដំណឹងមិនពិតទាល់តែសោះ ដោយហេតុថា ក្រសួងការពារជាតិ ពុំដែលបានស្នើទៅអាមេរិក ដើម្បីជួសជុលអគារខាងលើនេះម្តងណាទេ»

ឧបការី រង ក្រសួងការពារជាតិ អាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ លោក Joseph Felter បាន សរសេរ លិខិត មួយ ផ្ញើ ទៅ រដ្ឋមន្ត្រី ក្រសួងការពារជាតិ កម្ពុជា សម្ដេច ទៀ បាញ់ ដើម្បីឱ្យពន្យល់អំពីមូលហេតុដែលកម្ពុជា បដិសេធជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកសម្ភារៈ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ មន្រ្តីយោធាជាន់ខ្ពស់អាមេរិករូបនេះ ដាក់ ការសង្ស័យថា ពាក់ព័ន្ធនឹងរឿងនេះ កម្ពុជាអាច បើកផ្លូវ ឲ្យ ចិន មាន វត្ត មាននៅ មូលដ្ឋាន ទ័ពជើងទឹក ស មុ ទ្រ រាម។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់ថា អគារហ្វឹកហ្វឺន និងផ្ទុកសម្ភារៈ ដែលរងការចោទប្រកាន់នេះ គឺមិនមែនចំណុះឱ្យមូលដ្ឋានកងទ័ពជើងរាមទេ ប៉ុន្តែជាអគាររបស់ គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ មានទីតាំងបណ្តោះអាសន្ន នៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលនឹងត្រូវផ្លាស់ប្តូរទៅកាន់កន្លែងថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ ហើយមិនទាន់មានភាពចាំបាច់ ក្នុងការជួសជុលនោះទេ។

លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងលិខិតរបស់ ឧបការីរង ក្រសួងការពារជាតិសហរដ្ឋអាមេរិកនោះ ក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញអនុព័ន្ធយោធាប្រចាំការនៅក្នុងស្ថានទូតអាមេរិក មកស្តាប់ការបំភ្លឺ អំពីមូលហេតុដែលកម្ពុជាមិនទាន់មានភាពចាំបាច់ ក្នុងការទទួលជំនួយសហរដ្ឋអាមេរិក ដើម្បីជួសជុលអគារខាងលើនេះផងដែរ»

អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើដល់សារព័ត៌មានទាំងអស់ កុំបន្តធ្វើការបកស្រាយចំពោះដំណឹងមិនពិត ដែលអាចនាំឱ្យមានការភាន់ច្រឡំមកលើក្រសួងការពារជាតិកម្ពុជា៕