(ហ្សឺណែវ, ស្វីស)៖ លោកស្រី មីឆែល បាឆេឡេ (Michelle Machelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងថា ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជជាជាតិ បានទទួលស្គាល់សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំរបស់កម្ពុជា ដែលបានធ្វើឱ្យរីកចម្រើន និងប្រសើរឡើងសិទ្ធិផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋ។

ការគូសបញ្ជាក់របស់លោកស្រី មីឆែល បាឆេឡេ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើបញ្ហាសិទ្ធិមនុស្សជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីហ្សឺណែវ ប្រទេសស្វីស។ ជំនួបនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ និងលោកស្រីឧត្តមស្នងការចូលរួមកិច្ចប្រជុំទៀងទាត់លើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន លោកស្រី មីឆែល បាឆេឡេ បានពិភាក្សាគ្នាជាច្រើនលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាកិច្ចប្រឹងប្រែងមួយចំនួនរបស់កម្ពុជាក្នុងធ្វើឱ្យប្រសើរឡើងលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា កន្លងមកមានការលាបពណ៌ជាច្រើនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែកម្ពុជានៅតែប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ការការពារ និងលើកតម្កើងសិទ្ធិមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា និយាយពីសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងសម័យខ្មែរក្រហម គឺគ្មានសិទ្ធិអ្វីទាំងអស់។ ផ្ទុយមកវិញសម្រាប់ពេលបច្ចុប្បន្ន កម្ពុជាបរិបូរណ៍ដោយសិទ្ធិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា សម្តេចបានធ្វើការងារជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ដូចជាពេលថ្មីៗនេះ សម្តេចបានធ្វើសកម្មភាពជួយស្ត្រីដែលមានក្តីក្តាំក្នុងប្រព័ន្ធតុលាការ ដោយបានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនពួកគេដោយឥតគិតថ្លៃ។ បន្ថែមពីលើនោះ សម្តេចក៏បានបង្កើនថវិកាជាតិសម្រាប់ក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងយុត្តិធម៌សម្រាប់ធ្វើការងារលើសំណុំរឿងរបស់ស្ត្រី ដែលខ្វះមេធាវីផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា កន្លងមកនេះសម្តេចបានផ្តល់សិទ្ធិអំណាចជាច្រើនដល់ស្ត្រី ហើយកន្លងទៅនេះក៏បានដាក់ចេញនូវគោលនយោបាយជាច្រើនសម្រាប់ការគាំពារសង្គម។

លោកស្រី មីឆែល បាឆេឡេ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកឡើងនៅក្នុងជំនួបនោះថា មានការងារជាច្រើនត្រូវ​យកចិត្តទុកដាក់លើកតម្កើងរួមមានទាំងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីផងដែរ។ ជាពិសេសពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច ដែលកម្ពុជាបានធ្វើច្រើននាពេលកន្លងមក។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកស្រីឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា​ដែលតែងតែទទួល​យកនូវអនុសាសន៍នានា ដើម្បីកែលំអស្ថានភាពសិទ្ធិមនុស្ស។ លោកស្រីបន្ថែមថា ឧត្តមស្នងការសិទ្ធិត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការនានា ដើម្បីធ្វើឱ្យប្រសើរ​ឡើងលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

បើទោះបីជាយ៉ាងណា លោកស្រី មីឆែល បាឆេឡេ បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ឧត្តមស្នងការសិទ្ធិមនុស្សទទួលស្គាល់ចំពោះការដឹកនាំសម្ដេចតេជោ គឺបានធ្វើឱ្យរីកចម្រើនយ៉ាងខ្លាំង ជាពិសេសសិទ្ធិផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់លោកស្រីឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា សម្ដេចស្វាគមន៍ជានិច្ចចំពោះការនិយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនេះសម្តេចតេជោ ក៏បានសម្រេចឱ្យមានការចុះកិច្ចព្រមព្រាងរៀងរាល់ពីរឆ្នាំម្តងលើការបន្តសុពលភាពការិយាល័យសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីកុំឲ្យមានកង្វល់ផ្សេងៗ។

ក្នុងជំនួបនេះសម្តេចតេជោ ក៏បានអញ្ជើញលោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​មកទស្សនកិច្ចនៅកម្ពុជា​ក្នុងពេលវេលាដ៏សម​ស្របណាមួយ។ លោកស្រីឧត្តមស្នងការបានទទួលយកសំណើនេះហើយ ហើយអញ្ជើញមកទស្សនកិច្ចក្នុងពេលវេលាសមស្របណាមួយ។

ក្នុងជំនួបនេះលោកស្រីឧត្តមស្នងការ ក៏ឆ្លៀតកោតសសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុជាទាំងមូលលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ លោកស្រីបានកត់​សម្គាល់ថា ការរីកចម្រើននេះ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំបានចាកចេញពីភាពក្រីក្រ ក្រោយពីរងការលំបាកយ៉ាងខ្លាំងដោយសារភ្លើងសង្គ្រាមពីអតីតកាល៕