(ហ្សឺណែវ, ស្វីស)៖ ក្រុមហ៊ុនធំៗរបស់ស្វីស បានអះអាងត្រៀមថវិកាប្រមាណ ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំងសុខភាពនៅកម្ពុជា។ ការអះអាងនេះបានធ្វើឡើងក្នុងពេលតំណាងក្រុមហ៊ុនរបស់ស្វីសចំនួន៦ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
តំណាងក្រុមហ៊ុនបានអះអាងថា ពួកគេមិនត្រឹមតែបង្កើតមន្ទីរពេទ្យនោះទេ។ ពួកគេក៏ចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលផងដែរ។ ក្រៅពីបង្ហាញបំណងចង់បង្កើតមន្ទីរពេទ្យហើយនោះ តំណាងក្រុមហ៊ុនរបស់ស្វីស ក៏បានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគទៅលើវិស័យថាមពល និងវិស័យបច្ចេកវិទ្យាផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចគាំទ្ររាល់ការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាមន្ទីរពេទ្យជាដើមនេះ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យថាមពល។
លើវិស័យសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តំណាងក្រុមហ៊ុនស្វីសថា ប្រជាជនកម្ពុជាជាច្រើន បានទៅព្យាបាលនៅក្រៅប្រទេសដូចជា វៀតណាម ថៃ និងសិង្ហបុរីជាដើម។ សម្តេចតេជោ បានលើកឡើងថា ប្រសិនបើមានការវិនិយោគលើវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ។
សម្តេចតេជោ បន្ថែមថា បច្ចុប្បន្នកម្ពុជាមានកំណើនភ្ញៀវទេសចរច្រើន ដូច្នេះវិស័យសុខាភិបាលដែលបង្កើតនៅប្រទេសកម្ពុជា មិនត្រឹមតែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏អាចផ្តល់សេវាកម្មផ្នែកសុខាភិបាលនៅដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាផងដែរ។
«សូមឲ្យក្រុមហ៊ុនអ្នកវិនិយោគទាំងអស់ទៅសិក្សាក៏ដូចជាទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារជាក់ស្ដែង និងដើម្បីអាចធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដងលើវិស័យដែលមានបំណងចង់វិនិយោគនោះ»។ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានដកស្រង់មកបញ្ជាក់ដោយលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សវិញ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យចាប់ជាដៃគូជាមួយសាលារៀន ដែលមានស្រាប់នៅប្រទេសកម្ពុជាទាំងសាលារដ្ឋ និងសាលាឯកជន ដើម្បីបង្កភាពងាយស្រួល។
នៅចំពោះមុខតំណាងក្រុមហ៊ុនវិនិយោគនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្ដេចពិតជារីករាយ និងស្វាគមន៍ដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់៕