(កំពង់ធំ)៖ «នៅផ្ទះចាស់ ខ្ញុំពិបាកវេទនាណាស់ព្រោះថា ដីស្រែក៏គ្មានធ្វើ អត់មានលទ្ធភាព ក្របីគោអីក៏អត់មានប្រើ យើងនៅពីរនាក់ប្ដីប្រពន្ធគឺថាទីទាល់លំបាក មុខរបរស៊ីឈ្នួលគេគឺវេទនាណាស់ ទៅស៊ីឈ្នួលគេដើម្បីទិញអង្ករហូប បើមិនទៅអត់មានលុយទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី អៀង ផាង ដែលជាអតីតពលរដ្ឋក្រីក្រមួយ ក្នុងចំណោមពលរដ្ឋក្រីក្រចំនួន៥,១៤១គ្រួសារ ដែលទទួលបានដីសម្បទានសង្គមកិច្ចពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក។ អ្នកស្រី អៀង ផាង ជាគ្រួសារមួយដែលទទួលបានដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងភូមិអូរធំ ឃុំទីពោ ស្រុកសន្ទុក ដែលជាភូមិមួយក្នុងចំណោមភូមិចំនួន៣ នៃតំបន់ដីសម្បទានសង្គមកិច្ចនៃគម្រោង LASED II ក្នុងខេត្តកំពង់ធំ។

 ធ្លាប់តែរស់នៅក្នុងផ្ទះខ្ទមប្រក់ស្បូវ គ្មានដីស្រែចំការ មានតែដើរស៊ីឈ្នួលធ្វើស្រែចំការឲ្យគេ ដើម្បីបានប្រាក់ចិញ្ចឹមកូន៣នាក់ រស់មួយថ្ងៃដើម្បីមួយថ្ងៃ។ ហើយពេលខ្លះអ្នកស្រី និងប្ដីក៏មានជំងឺមិនអាចចេញទៅស៊ីឈ្នួលគេបានដែលជាហេតុនាំឲ្យខ្វះប្រាក់ក្នុងការទិញម្ហូបក៏មាន។ នេះបើតាមការរៀបរាប់របស់អ្នកស្រី អៀង ផាង។

 «មួយថ្ងៃទៅ២នាក់ប្ដីប្រពន្ធបាន៤ម៉ឺនរៀល មកចាត់ម្ហូបផង អង្ករផង និងសល់តិចតួចឲ្យកូនរៀន ហើយក៏អស់លុយទៅ ពេលអស់លុយក៏ទៅស៊ីឈ្នួលគេទៀតទៅដោះស្រាយជីវភាព ក្នុងមួយថ្ងៃគិតមួយថ្ងៃហូបចុកមិនគ្រប់គ្រាន់ទេ។ ប្រាក់ចំណូលបានរាល់ថ្ងៃតែពេលណាអត់ស្រួលខ្លួនអត់បានទៅ ក៏ដែរ អីចឹងក៏ចេះតែហូបឲ្យតែបានរស់ទៅមានប្រហុកតិច ឬមានសម្លរបន្តិច បាយបន្តិចផ្សែផ្សំហូបឲ្យតែបានៗទៅកំសត់វេទនា។ ផ្ទះនៅរោងតូចប្រហែល៣ម៉ែត្រគុណនិង៤ម៉ែត្រផ្ទះគ្រឿងប្រឡៅមូល ប្រក់ស្បូវ។ ពេលមើលទៅគ្រួសារគេ ហើយមើលមកគ្រួសារខ្លួនឯងខ្ញុំគិតថាជីវិតខ្ញុំប្រហែលមិនអាចធូរដូចគេទេជីវិតខ្ញុំបានតែប៉ុណ្ណឹង។ នៅជុំវិញផ្ទះគេមានហូបចុកគ្រប់គ្រាន់ទៅគេមានរីករាយ ចំណែកគ្រួសារខ្ញុំបើកតែភ្នែកដាំបាយទៅស៊ីឈ្នួលគេ »

 ពេលនេះអ្នកស្រី និងក្រុមគ្រួសារបានផ្លាស់ប្ដូរជីវិតថ្មីហើយ។ជីវិតថ្មីដែលអ្នកស្រីបានចាត់ទុកថា ដូចជាការយល់សប្តិ ព្រោះអ្នកស្រីនិងក្រុមគ្រួសារទាំងមូលមិនធ្លាប់គិតដល់។ ក្រោយពេលទទួលដំណឹងថារដ្ឋផ្ដល់ដីសម្បទានសង្គមកិច្ចជូនដោយតម្រូវឲ្យអ្នកស្រីដាក់ពាក្យស្នើសុំនោះ ដំបូងអ្នកស្រីមិនទាន់មានភាពជឿជាក់ទេ តែបន្ទាប់ពីក្រុមការងាររបស់គម្រោងឲ្យគាត់ចាប់ឆ្នោតជ្រើសរើសដី ទើបអ្នកស្រីជឿថាជាការពិត ហើយអ្នកស្រីមានក្ដីរំភើប រំភើបស្ទើរស្រក់ទឹកភ្នែក។ ដោយកន្លងមកសូម្បីតែម្ដាយឪពុកអ្នកស្រីបង្កើត ក៏មិនដែលមានដីចែកឲ្យអ្នកស្រីបែបនេះដែរ។ ជីវិតថ្មីដែលស្រីទទួលបាននេះ គឺដីភូមិដែលមានទំហំ ៣០គុណ៤០ម៉ែត្រ និងដីចំការចំនួន២ហិកតា។

 អ្នកស្រី អៀង ផាង បញ្ជាក់បន្ថែមថា៖ «ដំបូងខ្លាចដែរ ថាគេភរទេដឹង កុហក់ទេដឹង មិនទាន់ដឹងថាបានពិតប្រាកដនឹកឃើញថាការមិនពិតទេដឹង ដល់ពេលចុះឈ្មោះរួចហើយរយៈពេលប្រហែល៣ខែ បានដឹងថាឈ្មោះជាប់ហើយ ពេលឈ្មោះជាប់រយៈពេលមួយខែគេហៅមកចាប់ឆ្នោតយកឡូតិ៍នេះ មកដល់ប្រឹងជម្រះគាស់កកាយ អត់ពិបាកទេ ខំប្រឹងហើយបានជោគជ័យរបស់ខ្ញុំហើយ។ ពេលបានឡូតិ៍ដីខ្ញុំសប្បាយដែរ ព្រោះថាបានដីធ្វើនឹងគេហើយ ក្នុងទ្រូងពេលនោះចង់យំបន្តិចចង់សើចបន្តិច ព្រោះថាកន្លងមកសូម្បីតែម៉ែពុក ក៏មិនមានដីចែកឲ្យដូចគម្រោងនេះដែរអ្នកគ្រូអើយ ម៉ែឪក្រ។ ពេលមកទីនេះដំបូងខ្ញុំមានចបពីរ មានធាងដូងមកធ្វើរោងនៅ ក្រោយមកខាងគម្រោងក៏មានចែកគ្រឿធ្វើផ្ទះខ្លះដែរ ក៏ផ្សែផ្សំគ្នាពីការស៊ីឈ្នួលគេទិញគ្រឿងផ្ទះ»

 គម្រោង LASED II គឺជាគម្រោង «បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២» ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក តាមរយៈ កម្មវិធីសម្បទាន ដីសង្គមកិច្ច ក្នុងការបែងចែកដីដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួចដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងLASED II ត្រូវបានអនុវត្ត ដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខាធិការដ្ឋានគណៈកម្មកាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 ដីសម្បទានសង្គមកិច្ចនៅក្នុងឃុំទីពោ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ក្នុងគម្រោង LASED សាកល្បង។ រហូតមកដល់ឆ្នាំ២០១៦ គម្រោងLASED II បានដំណើរការ ដោយគម្រោងបានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការបណ្តុះបណ្តាលផ្នែកកសិកម្ម និងការគាំទ្រផ្សេងៗទៀតដល់ទីតាំងនេះ ដោយក្នុងនោះក្រសួងមហាផ្ទៃបានទួលស្គាល់ការបង្កើតភូមិនៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចនេះចំនួន៣ភូមិ រួមមាន ភូមិសែនអភិវឌ្ឍន៍១ ភូមិសែនអភិវឌ្ឍន៍២ និងភូមិអូរធំ និងមានប្រជាពលរដ្ឋសរុបចំនួន៧៧៩គ្រួសារ និងមានផ្ទៃដីសរុបចំនួន១,៩៩២ហិកតា។