(ភ្នំពេញ)៖ រយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបោសរំដោះផ្ទៃដីចំការមីនបានចំនួនជាង៤០គីឡូម៉ែត្រក្រឡា ព្រមទាំងរកឃើញ កំទេចចោលមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទសរុបចំនួន ១៤,០០០គ្រាប់។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។
ជាមួយគ្នានេះ ស៊ីម៉ាក់ក៏បានអប់រំយល់ដឹងពីមីន ជូនប្រជាពលរដ្ឋចំនួនជាង២៣ម៉ឺននាក់ផងដែរ។
លោក ហេង រតនា បានឲ្យដឹងថា សម្រាប់លទ្ធផលរបស់ស៊ីម៉ាក់នៅឆមាសទី១នេះ ត្រូវបានលោក ហេង រតនា អះអាងថាមានការថមថយ ដោយសារកិច្ចប្រតិបត្តិការប្រឈមបញ្ហាមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុឡើងកំដៅខ្លាំង អង្គភាពត្រូវកាត់បន្ថយម៉ោងប្រតិបតិ្តការតាមការដ្ឋានចំការមីន និងប្រភពធនធានមានការប្រែប្រួល និងយឺតយ៉ាវ។ ប៉ុន្តែលោករំពឹងថា លទ្ធផលអាចកើនឡើងនៅឆមាសទី២ ឆ្នាំ២០១៩ខាងមុខនេះ។
សូមជម្រាបថា នៅឆ្នាំ២០១៨ ស៊ីម៉ាក់រកឃើញ និងកំទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៤ម៉ឺនគ្រាប់៕