(សៀមរាប)៖ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ក្នុងក្របខ័ណ្ឌគោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ មិនមានគោលការណ៍បង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធបន្ថែម ដែលជាបន្ទុកដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនចំណូលថវិកាជាតិនោះទេ ដូចនេះហើយអ្នកជាប់ពន្ធតូច និងមធ្យមក្នុងវិស័យអាទិភាពត្រូវមកបង់ពន្ធឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា បើសហគ្រាសទាំងអសមិនចង់រងនូវការពិន័យទេនោះ។
លោកបណ្ឌិត កែន សម្បត្តិ បានលើកឡើងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់បទប្បញ្ញត្តិនានា និងសេចក្តីណែនាំថ្មីៗ ជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់អ្នកជាប់ពន្ធតូច និងមធ្យមក្នុងវិស័យអាទិភាព នៅសណ្ឋាគារប៉ារ៉ាឌីអង្គរ ខេត្តសៀមរាប។
លោកបណ្ឌិត កែន សម្បត្តិ បានថ្លែងបន្តថា អគ្គនាយកដ្ឋានពន្ធដារ បានកំពុងខិតខំផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាល ចំពោះការគេចវេសពន្ធ ការលួចបន្លំពន្ធតាមគ្រប់រូបភាព ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងដោយស្មើភាពគ្នាចំពោះគ្រប់ធុរជន ក្នុងគោលដៅប្រមូលចំណូលប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ព្រមទាំងបង្កឲ្យមានការអនុវត្តច្បាប់ ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា សម្រាប់ផែនការអនុវត្តបន្ត អគ្គនាយកដ្ឋានពន្ធដារ ក៏បាននិងកំពុងអនុវត្តតាម យុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩- ២០២៣ ដោយផ្តោតលើទំនើបកម្ម ភាពវូបនីយកម្ម លើកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អរ និងពង្រឹងអភិបាលកិច្ច ព្រមទាំងការគ្រប់គ្រងបែបយុទ្ធសាស្ត្រសំដៅធានាសន្តិភាព ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ ជំរុញនឹងតម្រង់ការវិនិយោគ និងប្រមូលចំណូលពន្ធឲ្យអស់សក្តានុពល ឲ្យស្របទៅនឹងការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច សង្គមកម្ពុជា។ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធជូនរដ្ឋបាន ៦៧%នៃផែនការហើយ។
សូមបញ្ជាក់ថា បើយោងតាមរបស់បាយការណ៍របស់សាខាពន្ធដារខេត្តសៀមរាប បានបង្ហាញថានៅក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩នេះ សាខាពន្ធដាខេត្តសៀមរាប បានប្រមូលចំណូលជូនរដ្ឋបានចំនួន ៧៤,១៨៨លានរៀល ស្មើ៥៥% នៃផែនការ ហើយរំពឹងថា នៅក្នុងឆ្នាំ២០១៩នេះនឹងប្រមូលចំណូលជូនរដ្ឋបានលើសផែនការ ដែលបានគ្រោងទុក។ បច្ចុប្បន្ននេះសាខាពន្ធដាខេត្តសៀមរាប បានប្រើប្រាស់ប្រព័ន្ធយន្តការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ (E-VAT Refund )៕