(កោះកុង)៖ លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានជំរុញឲ្យសមត្ថកិច្ច ចុះទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន កុំមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកបានថ្លែងបែបនេះ ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ មានការចូលរួមពីសមត្ថកិច្ចកងកម្លាំងទាំង៣ប្រភេទ សាលាដំបូងខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការជុំវិញខេត្ត។
លោក ផៃធូន ផ្លាមកេសន បានថ្លែងថា សមត្ថកិច្ចទាំងអស់ដែលមានកាតព្វកិច្ចការពារសុវត្តិភាព ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានត្រូវធ្វើការពង្រឹកមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឲ្យភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសបញ្ហាទប់ស្កាត់គ្រឿងញៀនមិនឲ្យមាន ព្រោះគ្រឿងញៀន គឺជាបញ្ហាប្រឈមដល់អនាគតយុវវ័យ និងបំផ្លាញសេចក្តីសុខក្នុងគ្រួសារ ហេតុដូច្នេះសមត្ថកិច្ចទាំងត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលសង្គមស្អប់ខ្ពើម។
លោកបានថ្លែងបន្តថា សមត្ថកិច្ចត្រូវមានវិធានការចុះអង្កេតនៅតាមក្លិបកំសាន្ត ខារ៉ាអូនខេ ឲ្យបានេះជាប្រចាំមិនត្រូវមានការធ្វេសប្រហែសឡើយ។
លោកបានថ្លែងថា «ប្អូនៗក្មួយៗទាំងអស់ត្រូវយល់ដឹងពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាធ្វើឲ្យបាត់បង់អនាគតប្អូនៗក្មួយៗ និងអាចបង្កឲ្យហឹង្សាក្នុងគ្រួសារថែមទៀតផង។ ហេតុដូច្នេះប្អូនៗក្មួយៗ ត្រូវផ្តោតទៅការសិក្សាជាចម្បងព្រោះប្អូនៗក្មួយៗ ជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគតនៃប្រទេសជាតិមាតុភូមិ ហើយធនធានមនុស្ស កើតចេញមកការខិតខំសិក្សាហើយក៏ជាគន្លឹះ សម្រាប់អភិវឌ្ឍន៍ប្រទេស និងអនាគតរបស់ប្អូនៗ ក្មួយៗ និងក្រុមគ្រសារផងដែរ»៕