(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះថា ស្រ្តីម្នាក់ដែលរងការ ចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធបញ្ហាដីធ្លីនៅឃុំត្រើយកើត ស្រុកស្អាង ខេត្តកណ្តាលនោះ មិនត្រូវបានឃុំខ្លួននោះទេ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «ស្រ្តីដែលត្រូវបានចាប់ខ្លួននោះ រឿងពាក់ព័ន្ធដីធ្លីជាមួយឧកញ៉ា ឈាង ប៉ាក់សួរ ខាងលោកចៅក្រម និងអយ្យការ សម្រេចមិនឃុំខ្លួនឡើយ និងបានឲ្យត្រឡប់ទៅវិញបាត់ហើយ»។
សូមបញ្ជាក់ថា កាលពីព្រឹកមិញ ប្រជាពលរដ្ឋមិនតិចជាង ៥០នាក់ រស់នៅឃុំត្រើយស្លាកើត ស្រុកស្អាង ខេត្តកណ្តាល លើកគ្នាមកតវ៉ាដល់មុខតុលាការខេត្តកណ្តាល ដើម្បីទាមទារឲ្យមានការដោះលែងមនុស្ស និងបានចោទប្រកាន់ឧកញ៉ាឧកញ៉ា ឈាង ប៉ាក់សួរ រំលោភយកដីស្រែរបស់ពួកគាត់ទាំងបំពាន។
ប្រជាពលរដ្ឋទាំងនេះ បានកាន់ និងលើករូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅចំពោះមុខក្រុមអ្នកយកព័ត៌មាន និងបានចោទ ប្រកាន់ត្រង់ៗថា ឧកញ៉ា ឈាង ប៉ាក់សួរ បានរំលោភដីស្រែរបស់ពួកគាត់ជាច្រើន ហិកតា នៅឃុំត្រើយស្លាកើត ស្រុកស្អាង ខេត្តកណ្តាល រហូតបានដាក់ពាក្យប្តឹងទៅតុលាការ និងបានចាប់ខ្លួនស្រ្តីម្នាក់ ជាម្ចាស់ដីទៀតផង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ។
ប្រជាពលរដ្ឋថា ពួកគាត់បានធ្វើស្រែតាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៧ ទើបតែនៅឆ្នាំ២០១៨ ស្រាប់តែឧកញ៉ា ឈាង ប៉ា់ក់សួរ មករករឿង និងប្តឹងផ្តល់ទៅតុលាការ រហូតមានការចាប់ខ្លួនផងដែរ។
នៅលើបដាដែលកំពុងឈរកាត់តវ៉ានោះ ប្រជាពលរដ្ឋបានសរសរដោយមានខ្លឹមសារថា «លោក ឧកញ៉ា ឈាង ប៉ាក់សួរ រំលោភយកដីស្រែយើងខ្ញុំ, សូមតុលាការអនុញ្ញាតឱ្យធ្វើស្រែ វិញ, យើងនឹងគ្មានអ្វីហូប បើតុលាការហាមមិនឱ្យធ្វើស្រែ ដីស្រែរបស់យើង គឺជាជីវិតរបស់យើង យើងមានសិទ្ធិប្រើប្រាស់ អាស្រ័យផលលើដីស្រែរបស់យើង»។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីខាងភាគីឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះបានឡើយ។
ជាការកត់សម្គាល់ ឧកញ៉ា ឈាង ប៉ាក់សួរ ក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្តាល បានចោទប្រកាន់ថា បានយកគ្រឿងចក្រទៅឈូសឆាយរំលោភយកដី របស់ពួកគាត់ផងដែរ ដោយគ្មានដំណោះស្រាយអ្វីនោះទេ។ ចំណែកនៅឯឃុំប្រាសាទ ស្រុកស្អាង បច្ចុប្បន្ន ក៏ឧកញ៉ារូបនេះ កំពុងប្រើគ្រឿងចក្រឈូស និងកាយទំនប់ព័ទ្ធយកដីព្រៃលិចទឹករាប់រយហិកតាផងដែរ ក្រោមលេសឲ្យប្រជាជនឈរឈ្មោះធ្វើជាម្ចាស់ ទិញលក់ថោកៗ។
លោក សូ សារិន្ទ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា បញ្ហាប្រជាពលរដ្ឋសុំធ្វើស្រែវិញនោះ តុលាការមិនបានហាមឃាត់ទេ បើពួកគាត់មានដីនៅកន្លែងណាទៅ ធ្វើនៅកន្លែងនោះទៅ៕
ឧកញ៉ា ឈាង ប៉ាក់សួរ