(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលទើបប្រកាសចូលកាន់តំណែងនាពេលកន្លងទៅថ្មីៗនេះ រួមជាមួយលោក ឡុង សុវណ្ណ ប្រធានក្រុមបឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ នៅក្នុងសាលប្រជុំកងពលធំអន្តរាគមន៍លេខ៣។
លោក ប្រាក់ សុវណ្ណ បានកោតសរសើរចំពោះលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលបានធ្វើរបាយការណ៍អំពីសភាពការណ៍ជុំវិញ នៅតំបន់សមូរភូមិទិសទី១ ប្រាសាទព្រះវិហារនេះ ដោយលោកបានដឹកនាំគ្រប់គ្រងអស់រយៈកាល១១ឆ្នាំកន្លងមកហើយ ឃើញថាមានការអភិវឌ្ឍន៍ មានការប្រែប្រួលយ៉ាងច្រើនលើសលប់ ហួសពីការប៉ាន់ស្មាន។
លោក ប្រាក់ សុវណ្ណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលសម្តេចទាំង៣ តែងបានគិតគូរយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាករបស់បងប្អូនកងកម្លាំងប្រដាប់អាវុធយើង តាមរយះការផ្តល់ ផ្គត់ផ្គង់អំពីតម្រូវការផ្សេងៗ ពិសេសគឺសង់លំនៅដ្ឋាន និងផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផលដើម្បីឲ្យកងទព័យើងមានជីវភាពល្អប្រសើរ។
លោកអភិបាលខេត្តព្រះវិហារបន្តថា «ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលជោគជ័យ ជាផ្លែផ្ការបស់រដ្ឋបាលខេត្ត គឺអាស្រយ័ដោយមានកិច្ចសហការយ៉ាងជិតស្និត និងល្អប្រសើររវាងអាជ្ញាធរ ខេត្តជាមួយ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសកងកម្លាំងរបស់យើង ពីព្រោះកងកម្លាំងជាខ្នងបង្អែកដ៍រឹងមាំបំផុត និងសំខាន់មិនអាចខ្វះបានក្នុងការចូលរួម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុខសន្តិភាពជូនមាតុភូមិយើង»។
លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងកិច្ចការពារថែរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ល្អប្រសើរនៅតាមបណ្តោយបន្ទាត់ព្រំដែន ដែលបានប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរដែលមាន កម្ពុជា-ថៃ ទៅជាព្រំដែនសន្តិភាព និងមានការអភិវឌ្ឍន៍ឥតឈប់ឈ។
ជាមួយគ្នានោះដែរ លោក ប្រាក់ សុវណ្ណ បានផ្តាំផ្ញើដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង សូមឲ្យកងកម្លាំងទាំងអស់ដែលឈរជើងទីនេះ ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរវាងកងកម្លាំងទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជា និងអនុវត្តឲ្យបានហ្មឺងម៉ាត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នូវរាល់បទបញ្ជានានាដែលបាន ដាក់ចេញ។
បន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំង និងកងកម្លាំងជាមួយប្រទេសជិតខាងដូចជាខេត្តស៊ីសាកេត អ៊ូ ប៊ុន និងចម្ប៉ាសាក់ ដោយឈលើគោលការណ៍សន្តិភាព និងអធិបតេយ្យភាព និងបូរណភាពទឹកដី ដើម្បីរឹតចំណងមិត្តភាព បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដោះដូរកសិផល សំដៅលើកស្ទួយកំរិតជីវភាពនៅ។ ពិសេសត្រូវពង្រឹងការឆ្លងដែនខុសច្បាប់ និងត្រូវណែនាំ និងទប់ស្កាត់ប្រជាពលរដ្ឋយើងចូលទៅកាប់ឈើក្នុងប្រទេសថៃ ទប់ស្កាត់អំពើជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់និងត្រូវហាមជ្រូកដែលមានជំងឺប៉េសអាហ្វ្រិចចូលមកប្រទេសយើង៕