(តាកែវ)៖ ខណៈដែលជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងបន្តឆ្លងរីករាលដាលនៅខេត្តចំនួន២ នៅក្នុងប្រទេសកម្ពុជានោះ តែសម្រាប់ទឹកដីខេត្តតាកែវ ដែលជាប់ព្រំដែនប្រទេសវៀតណាមនោះ រហូតមកដល់ថ្ងៃនេះ មិនទាន់រកឃើញថា មានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកកើតឡើងនោះឡើយ។ នេះជាការបញ្ជាក់របស់មន្រ្តីកសិកកម្មម្នាក់ នៅខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
ការបញ្ជាក់របស់មន្រ្តីកសិកម្មរូបនេះ បានកើតឡើងដើម្បីឆ្លើយតបនឹងករណី ដែលមានជ្រូកងាប់ជាបន្តបន្ទាប់នៅក្នុងស្រុកអង្គបូរី ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។
ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ បានអះអាងថា «ករណីជ្រូកងាប់នៅក្នុងខេត្តតាកែវនេះ វាមិនមែនបណ្ដាលមកពីជំងឺប៉េស្តជ្រូកអាហ្រ្វិកនោះទេ»។
លោក ថៃ លី បានថ្លែងថា កន្លងមកថ្មីៗនេះមានជ្រូកងាប់ជាង ៣០ក្បាល នៅក្នុងឃុំព្រៃផ្គាំ និងឃុំពន្លៃ របស់ស្រុកអង្គបូរី។ បន្ទាប់ពីមានករណីជ្រូកងាប់នេះ មន្រ្តីបសុព្យាបាលខេត្ត បានចុះបាញ់ថ្នាំសំលាប់មេរោគ និងបានយកឈាមជ្រូក ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ក៏ប៉ុន្តែជាលទ្ធផល បានបង្ហាញថា ករណីជ្រូកងាប់នេះ មិនមែនបណ្ដាលមកពីជំងឺ ប៉េស្តអាហ្រ្វិកនោះទេ។
មន្រ្តីរូបបានបញ្ជាក់ថា «បើទោះបីជាយើងរកមិនឃើញមានជំងឺប៉េស្តអាហ្រ្វិកកើតឡើងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមន្រ្តីបសុពេទ្យខេត្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ជាប្រចាំ និងបានអនុវត្តន៍វិធានការណ៍សុវត្ថិភាពអនាម័យនៅគ្រប់ទីកន្លែងចញ្ចឹមជ្រូក និងកន្លែងប្រមូលផ្ដុំជ្រូក ដោយយើងបានធ្វើការបាញ់ថ្នាំសំលាប់មេរោគ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលចិញ្ចឹមជ្រូកឲ្យមានការប្រុងប្រយ័ត្ន ពីការរីករាលដាល នៃជំងឺនេះផងដែរ»។
បើតាមលោកប្រធានការិយាល័យបសុព្យាលខេត្តតាកែវ ជំងឺប៉េស្តអាហ្រ្វិក ដែលកើតលើជ្រូក គឺជាជំងឺដែលកាចសាហាវហើយមេរោគនេះ មិនទាន់មានវ៉ាក់សាំងការពារបាននោះទេ ម្យ៉ាងទៀត ជំងឺប៉េស្តអាហ្រ្វិកនេះ បានកើតលើជ្រូកនៅប្រទេសជិតខាងយើង ដូច្នោះមន្រ្តីរបស់លោក បានសហការជាមួយសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ធ្វើការទប់ស្កាត់មិនឲ្យមានការនាំជ្រូកចូល ពីប្រទេសជិតខាងនោះទេ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានកំពុងផ្ទុះឡើងជាថ្មីម្តងទៀតនៅក្នុងភូមិចំនួន២ ក្នុងឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីជំងឺនេះបានកើតឡើងម្តងរួចមកហើយ នៅលើទឹកដីកម្ពុជា ក្នុងខេត្តរតនគីរី កាលពីខែមីនា ឆ្នាំ២០១៩។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងបានកំណត់យកតំបន់ផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកចំនួន ២កន្លែងស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូរាំងឪ និងខេត្តត្បូងឃ្មុំ។
ការផ្ទុះឡើងនៃជំងឺនេះ ក្រសួងកសិកម្មបានបញ្ជាឲ្យ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការបសុព្យាបាលជាបន្ទាន់ នៅតំបន់ផ្ទុះផងដែរ៕