(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រារព្ធពិធី «រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០១៩» ក្រោមអធិបតីភាពលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ នៅក្នុងបរិវេណផ្នែករដ្ឋបាលព្រៃឈើថ្មពួក ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ គឺដើម្បីរក្សាបរិស្ថាន បៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចឲ្យ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ និងសូមអំពាវនាវដល់គ្រប់មន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៃខេត្តបន្ទាយមានជ័យទាំងអស់ មេត្តាសកម្មចូលរួមដាំ ដើមឈើនៅគ្រប់ទីកន្លែងដែលអាចដាំបាន។
លោកអភិបាលខេត្តបានបន្តទៀតថា ពិធី «រុក្ខទិវា» គឺជាសក្ខីភាពមួយដែលបង្ហាញពីការ ដង្ហែតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់អតីតព្រះមហាវីរក្សត្រ ដែលជានិច្ចកាលព្រះអង្គទ្រង់យក ព្រះហទ័យទុកដាក់ដល់បញ្ហាព្រៃឈើ និងជាពិសេសការថែរក្សា ការការពារ និងអភិវឌ្ឍន៍ព្រៃឈើតាម រយៈការដាំដុះឈើឡើងវិញ។
ក្នុងឱកាសនោះ ក៏មានការដាំកូនឈើចម្រុះចំនួន ១០០០ដើមផងដែរ៕