(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញប្រកាសឲ្យចូលកាន់មុខតំណែងអភិបាលស្រុកចំនួន៣ នៃខេត្តស្វាយរៀងសុទ្ធសឹងជាក្រុម យុវជនមានវ័យជិត ៤០ឆ្នាំ ដែលលោកអភិបាលខេត្ត ចាត់ទុកថា ពួកគេអាចដឹកនាំមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋានកាន់តែរីកចម្រើន និងការងារបក្សមានសម្លេងគាំទ្រកាន់តែច្រើនឡើងផងដែរ។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ែន វិបុល បានអញ្ជើញប្រកាសឲ្យលោក ថន ថាវុទ្ធា ឡើងជាអភិបាលស្រុកចន្ទ្រា ជំនួសលោក ងួន រាំ ដែលត្រូវបានដកចេញពីតំណែង និងបានឲ្យទៅបម្រើការងារនៅសាលាខេត្តវិញ។ នៅថ្ងៃប្រកាសនោះ ពុំឃើញមានវត្តមានលោក ងួន រំាំ ចូលរួមនោះទេ។
ដោយឡែកនៅព្រឹកថ្ងៃទី៤ ខែកក្កដា នេះលោកអភិបាលខេត្តស្វាយរៀង បានបន្តអញ្ជើញទៅប្រកាសឲ្យចូលកាន់តំណែងអភិបាលស្រុកស្វាយជ្រំ គឺលោក ហែម សារិទ្ធ ជំនួសលោក សុទ្ធ គឹមច័ន្ទ ដែលត្រូវប្រកាសជាប្រធានក្រុមប្រឹក្សាស្រុកវិញ។
ហើយនៅថ្ងៃទី៥ ខែកក្កដា ស្អែកនេះ លោកអភិបាលខេត្តនឹងអញ្ជើញទៅប្រកាសឲ្យចូលកាន់តំណែងជាអភិបាលស្រុករមាសហែក គឺលោក ស៊ូ ម៉ុល ជំនួសលោក ពេញ ជា ដែលធ្លាក់ខ្លួនឈឺ ហើយបានលាឈប់ពីតំណែង។
ជាមួយនឹងការទទួលតំណែងថ្មីនេះ ប្រជាពលរដ្ឋតាមមូលដ្ឋាននៅខេត្តស្វាយរៀង នឹងរង់ចាំមើលអភិបាលស្រុកទាំង៣ បញ្ចេញស្នាដៃបានកម្រិតណា ក្នុងការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែរីកចម្រើននោះ៕
លោក ស៊ូ ម៉ុល