(ឧត្តរមានជ័យ)៖ ដើម្បីឆ្លើយតបទៅនិងសំណូមរបស់លោកគ្រូ អៃ សុគន្ធ នាយក និងលោកគ្រូ អ្នកគ្រូ នៃសាលាវិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ ថ្ងៃនេះសាខាកាំកុងត្រូលខេត្តដឹកនាំដោយ លោក ខាន់ រ៉ាត់ ជាប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ ជូនសិស្ស ស្ថិតនៅក្នុងភូមិបុរីរដ្ឋាបាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះដែរលោក ខាន់ រ៉ាត់ បានលើកឡើងថា ដើម្បីថែរក្សាបានសុខភាព និងអនាម័យ សិស្សានុសិស្សត្រូវតែ ស្វែងយល់ឲ្យបានច្បាស់ ចំពោះចំណីអាហារណាដែលគ្មានអនាម័យ ឬគ្រឿងកំប៉ុងណាដែល ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ អាចបង្ករគ្រោះថ្នាក់ដល់សុខភាព។
លោក ខាន់ រ៉ាត់ បានបន្តថា ប្អូនៗ ដែលជាទំពាំងស្នងឫស្សី ត្រូវតែមានចំណេះដឹងជាមូលដ្ឋាន អំពីសុវត្ថិភាពម្ហូបអាហារ ដែលជាអាទិភាពទី០១ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល។
លោកប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានអប់រំដល់សិស្សានុសិស្សបន្ថែមទៀតថា ត្រូវប្រុងប្រយ័ត្នជាបម្បងចំពោះផលិតផលផ្សំ ដោយសារជាតិគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាព។ ជាមួយគ្នានោះដែរ លោក ខាន់ រ៉ាត់ បានថ្លែងថា ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានដល់សិស្សានុសិស្សអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះ មានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជា យុទ្ធសាស្ត្របញ្ជ្រាប ចំណេះដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំងខេត្ត ក្រុង ដែលបានដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។
ជាមួយគ្នានោះដែរលោក ខាន់ រ៉ាត់ ក៏បានចែកផ្ទាំង Poster ទៅដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់ អំពីរបៀបជ្រើសរើសផលិតផល យកមកបរិភោគ ជៀសវាងការបរិភោគអាហារ ដែលហួសកាលបរិច្ឆេទ និងគ្មានអានាម័យ ដែលអាចបណ្ដាលមានជំងឺផ្សេងៗកើតឡើងផងដែរ៕