(ភ្នំពេញ)៖ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍ របស់ក្រុមហ៊ុនព្រូដិនសលអាស៊ី និងមូលនិធិបណ្ដាញសប្បុរសធម៌អាស៊ី (AVPN) ដែលជាបណ្ដាញម្ចាស់មូលនិធិ មានការិយាល័យក្នុងប្រទេសសិង្ហបុរី ប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រកាសរួមគ្នា នូវម្ចាស់ជយលាភី ក្នុងការប្រកួតប្រជែងគំនិតច្នៃប្រឌិតបច្ចេកវិទ្យា សម្រាប់គ្រោះមហន្តរាយ ជាលើកដំបូងរបស់ខ្លួន។
ការប្រកួតប្រជែងនេះ ជាដំណាក់កាលដ៏សំខាន់នៃកម្មវិធីគំនិតច្នៃប្រឌិតបច្ចេកវិទ្យា សម្រាប់គ្រោះមហន្តរាយលើកដំបូង ក្នុងការលើកកម្ពស់សារៈសំខាន់ នៃបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ដើម្បីការពារ និងសង្រ្គោះអាយុជីវិត នៅមុនពេល កំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយធម្មជាតិ (បច្ចេកវិទ្យាបង្កាគ្រោះមហន្តរាយ) ។
បន្ទាប់ពីមានការប្រកាសស្វែងរកបេក្ខភាពពីទូទាំងពិភពលោកកាលពីដើមឆ្នាំនេះ ការប្រកួតជែងបានឈានដល់វគ្គបញ្ចប់ ក្នុងព្រឹត្តិការផ្សាយផ្ទាល់មួយនៅប្រទេសសិង្ហបុរី ដែលមានបេក្ខជនចូលរួមវគ្គផ្តាច់ព្រ័ត្រចំនួន ៥ រូបមកពីទូទាំងពិភពលោក ដែលរួមមានទាំងអង្គការស្វែងរកប្រាក់ចំណេញ និងអង្គការមិនស្វែងរកប្រាក់ចំណេញ សម្រាប់គោលបំណងសង្គមនិង ដែលហៅកាត់ថា (SPOs) បានប្រកួតប្រជែងដោយផ្ទាល់ និងនៅចំពោះមុខក្រុមអ្នកជំនាញ ដែលជាគណៈកម្មការវិនិច្ឆ័យ។
ការអនុវត្តគម្រោងមួយចំនួនក្នុងទីផ្សារដូចជា កម្ពុជា ឥណ្ឌូនេស៊ី នេប៉ាល់ បង់ក្លាដេស ហ្វីលីពីន និងតៃវ៉ាន់ បេក្ខជនទាំងនោះ បានបង្ហាញពីរបៀបដែលពួកគេ នឹងប្រើដំណោះស្រាយបច្ចេកវិទ្យាឱ្យបានច្រើនបំផុត សម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងស្ដាឡើងវិញក្រោយពីគ្រោះមហន្តរាយនៅក្នុងតំបន់។
អង្គការ FieldSight ទទួលបានចំណាត់ថ្នាក់ទីមួយ ជាមួយនឹងកម្មវិធីតាមទូរស័ព្ទរបស់ខ្លួន ដែលជួយគាំទ្រដល់សកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពេលមានគ្រោះមហន្តរាយកើតឡើង ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន១០ម៉ឺនដុល្លារអា សម្រាប់អនុវត្ត និងបង្កើនដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គ្រោះមហន្តរាយ។
លោក Justin Henceroth នាយកអង្គការ FieldSight បានថ្លែងថា «ជាអកុសល គ្រោះមហន្តរាយនៅជុំវិញពិភពលោកយើងកើតឡើងកាន់តែញឹកញាប់ និងមានទំហំកាន់តែធំជាងមុន ប៉ុន្តែដំណោះស្រាយបច្ចេកវិទ្យា សម្រាប់គ្រោះមហន្តរាយ មានតួនាទីពិសេសដ៏កម្រមួយ ដែលជួយដល់សហគមន៍ក្នុងការឆ្លើយតប និងស្ដាឡើងវិញក្រោយពីគ្រោះមហន្តរាយទាំងនេះកើតឡើង។ យើងដាក់ឱ្យដំណើរកម្មវិធីរបស់យើងជាលើកដំបូងនៅក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីមានការបំផ្លិចបំផ្លាញពីការរញ្ជួយដីនៅឆ្នាំ២០១៥ ប៉ុន្តែចាប់តាំងពីពេលនោះមក យើងបានបន្តប្រើប្រាស់កម្មវិធីនេះ នៅតាមទីតាំងជាងចំនួន ៦០,០០០កន្លែង ដែលមាននៅក្នុងទីផ្សារចំនួន១៦ ដើម្បីតាមដាន និងត្រួតពិនិត្យលើដំណើរការធានាគុណភាព លើសកម្មភាពមនុស្សធម៌ និងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពីមានគ្រោះធម្មជាតិ»។
* អង្គការ FieldSight ជយលាភីទីមួយ ទទួលបានថវិកាចំនួន ១០ម៉ឺន ដុល្លារអាមេរិក
* ក្រុមហ៊ុន SeismicAI ជយលាភីលេខ២ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ តាមរយៈការអនុវត្តកម្មវិធីផ្តល់សញ្ញាប្រុងប្រយ័ត្នជាមុន ដែលដើរដោយប្រព័ន្ធយល់ដឹងដ៏ឆ្លាតវ័យមួយ (AI) នៅពេលមានគ្រោះរញ្ជួយផែនដីម្តងៗ ហើយប្រព័ន្ធនេះប្រើប្រាស់ពេលត្រឹមតែ ២ វិនាទីប៉ុណ្ណោះ។
* កម្មវិធី PetaBencana.id ជាជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ២ម៉ឺន ដុល្លារអាមេរិក តាមរយៈការអនុវត្តនូវប្រភេទគេហទំព័រមួយ ដែលប្រើប្រាស់បានដោយមិនគិតថ្លៃ ដើម្បីផ្ដល់រូបភាពនៃគ្រោះមហន្តរាយខ្នាតធំ តាមរយៈការផ្ដល់ព័ត៌មានពីក្រុមប្រជាពលរដ្ឋ និងស្ថិតិតាមពេលវេលាជាក់ស្តែង។
បេក្ខជនផ្តាច់ព្រាត់២រូបផ្សេងទៀត គឺក្រុមហ៊ុន OpenAerialMap៖ ត្រូវបានទទួលស្គាល់លើកម្មវិធីផ្ដល់រូបភាពពីយន្ដហោះ drone សម្រាប់ការចែករំលែកយ៉ាងរហ័សក្នុងពេលមានគ្រោះមហន្តរាយ និងអង្គការ People In Need ត្រូវបានទទួលស្គាល់លើប្រព័ន្ធចាប់សញ្ញាប្រុងប្រយ័ត្នជាមុន នៅពេលមានគ្រោះទឹកជំនន់ ដោយប្រើអ៉ីនធឺណែត៕