(ភ្នំពេញ)៖ មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីឲ្យប្រាកដនោះទេ បុរសម្នាក់បានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាមគូរជម្លោះ ដែលមានគ្នាប្រមាណ៤នាក់ ស្រាប់តែផ្លាតគ្រាប់ទៅត្រូវកម្មករម្នាក់បណ្ដាលឲ្យរងរបួសគូទខាងឆ្វេង ធ្លាយមកពោះធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។
សេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០៖៤០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវលូ៥ សំណង់សូនី ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានទំនាស់ពាក្យសំដីរវាងជនសង្ស័យម្នាក់ និងក្មេងស្ទាវចំនួនពីរម៉ូតូមានគ្នា ប្រហែល៤នាក់ ពេលនោះជនសង្ស័យបាន ដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់គំរាមទៅក្រុមក្មេងស្ទាវ ហើយបានផ្លាតគ្រាប់បណ្ដាលឲ្យចំជនរងគ្រោះម្នាក់ ដែលនៅក្បែរនោះ។ ជនរងគ្រោះឈ្មោះ សាយ នឿន អាយុ៤៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលនៅខណ្ឌពោធិ៍សែនជ័យ រងរបួសចំកំប៉េះគូទខាងឆ្វេង ធ្លាយមកពោះ ចំនួន០១គ្រាប់ (របួសធ្ងន់) មានស្រុកកំណើត ភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។
យ៉ាងណាក៏ដោយ ក្រោយផ្ទុះអាវុធខ្មាន់កាំភ្លើងដែលមានភិនភាគ ពាក់អាវធំខ្មៅដៃវែង ជិះម៉ូតូម៉ាក Honda Dream មិនចាំស៊េរី ពាក់ស្លាកលេខ7254 (មិនចាំអក្សរខាងមុខ) បានគេចខ្លួនបាត់។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី៕