(ព្រះសីហនុ)៖ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ុន ចំរើន ប្រធានស្តីទីនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះផ្សព្វផ្សាយអប់រំ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៥៨៤នាក់ នៃសាលាបឋមសិក្សា ជា ស៊ីម ស្តីអំពីច្បាប់ និងបទបញ្ញត្តិទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ, អត្ថប្រយោជន៍របស់អំបិលអ៊ីយូដ, អនុក្រឹត១៣៣ អាហារបំប៉ន សំរាប់ទារក និងកុមារ និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន។
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានឱ្យដឹងថា ការផ្សព្វផ្សាយនាពេលនេះ គឺជាចំណេះដឹងមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» ដែលមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
មន្ត្រីជំនាញកាំកុងត្រូល ក៏បានធ្វើបទបង្ហាញខ្លីៗ ដើម្បីឱ្យសិស្សានុសិស្ស បានសិក្សា ស្វែងយល់ចំពោះមុខទំនិញ និងចំណីអាហារដែលនាំឱ្យប៉ះពាល់ដល់សុខភាពផងដែរ។
នៅព្រឹកថ្ងៃដដែល ក្រុមការងារកាំកុងត្រូល បានបន្តចុះអប់រំ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ តាមបណ្តាផ្សារទំនើប នៅម្តុំផ្សារពាណិជ្ជកម្ម ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ការដាក់តាំងលក់ទំនិញ ខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ ដែលមានដូចខាងក្រោម៖
*ទី១៖ ដំណាប់ម្នាស់ ៤កញ្ចប់ ស្មើរនឹង ១.១០ គីឡូក្រាម
*ទី២៖ ភេសជ្ជៈកំប៉ុងចំរុះ ចំនួន ៥០កំប៉ុង ១៧.៥០ គីឡូក្រាម។
សរុបចំនួនដកហូតបាន ១៨.៦០គីឡូក្រាម នៅផ្សារទំនើប សឺ ជី ប៉ាយ សិន និងបានធ្វើកំណត់ហេតុដកហូត តាមនីតិវិធី យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។
មន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕