(កំពង់ធំ)៖ លោក អ៊ុន ប៊ុនថន នាយកសាលា ហ័រីហ្សូន អ៊ីនធើណេសិនណល អាខេដមី (Horizon International Academy) ដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរៀបចំកម្មវិធីដាំដើមឈើ ក្នុងគោលបំណងលើកកម្ពស់ការចូលរូមការងារសង្គម បរិស្ថាន និងអប់រំ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យជ្រាប់ ស្ថិតក្នុង ឃុំស្ដុកស្ដម ស្រុកសន្ទុក ខេត្តកំពង់ធំ។

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំទាំងអស់របស់សាលា Horizon International Academy ក៏បាននាំយកកូនឈើប្រណិតៗចំនួន២០០ដើមរួមមាន៖ បេង, នាងនួន, គ្រញូង, គគី និងធ្នុង ទៅដើមនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យជ្រាប់។

ជាមួយគ្នានោះ លោកនាយកសាលា ហ័រីហ្សូន អ៊ីនធើណេសិនណល អាខេដមី ក៏បានធ្វើការងារមនុស្សធម៌មួយទៀត គឺនាំយកកញ្ចប់មនុស្សធម៌ចំនួន១០កញ្ចប់ មានដូចជា៖ មី, ទឹកស៊ីអ៊ីវ, ត្រីខ និងអាវយឺត ដើម្បីចែកជូនដល់គ្រួសារទីទាល់ក្រ ចំណែកសៀវភៅ និងប៉ិច ចំនួន៣០០ដើម សម្រាប់ចែកជូនសិស្សានុសិស្ស នៅក្នុងឃុំស្ដុកស្ដម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់មួយផ្នែក ទៅលើជនរួមជាតិតែមួយ។

លោក អ៊ុន ប៊ុនថន បានឲ្យដឹងថា «ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាដំណើរកម្សាន្ដប៉ុណ្ណោះទេ ប៉ុន្តែឲ្យលោកគ្រូ អ្នកគ្រូ ដែលបុគ្គលិកអប់រំ និងសិស្សានុសិស្ស មានឱកាសដកស្រង់ បទពិសោធបន្ថែម ពីការងារអប់រំនៅតាមគ្រឹះស្ថានអប់រំរបស់រដ្ឋ ក៏ដូចជាបណ្ដុះផ្នត់គំនិតដល់ សិស្សានុសិស្ស ក្នុងការចូលរួមចំណែកក្នុងកិច្ចការងារសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងខ្លួនឲ្យក្លាយជាទំពាំងល្អ និងមានគុណភាព សម្រាប់ស្នងឫស្សីនាពេលអនាគត»

លោកនាយកសាលារូបនេះ បានបញ្ជាក់បន្ថែមថា «ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងាររបស់សាលាក៏បានធ្វើសកម្មភាពដាំកូនឈើចម្រុះ រួមមាន៖ បេង នាងនួន គ្រញូង គគី ធ្នុង ចំនួន២០០ដើម នៅក្នុង បរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យជ្រាប់»