(ត្បូងឃ្មុំ)៖ បុណ្យរុក្ខទិវា ៩ កក្កដាឆ្នាំនេះ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រារព្ធធ្វើឡើងជាខួបលើកទី៥ ដោយបានជ្រើសរើសកូនឈើមានតម្លៃចម្រុះជាច្រើនមុខសរុប ២២៥០ដើមដាំនៅជុំវិញរដ្ឋបាលខេត្ត ព្រមទាំងចែកជូនប្រជាពលរដ្ឋយកទៅដាំតាមលំនៅដ្ឋានផងដែរ។
ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាពលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំង អភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីបុណ្យរុក្ខទិវារ ឆ្នាំ២០១៨នេះ គឺជាខួបលើកទី២៩ សម្រាប់ថ្នាក់ជាតិ ដោយឡែក ខេត្តត្បូងឃ្មុំ ជាខួបលើកទី៥ ដោយអាជ្ញាធរខេត្តរួមជាមួយពលរដ្ឋ ធ្វើការដាំកូនឈើមានតម្លៃជាច្រើនប្រភេទ មានដូចជា៖ ក្រញូង បេង នាងនួន រំដួល ចំប៉ី ធ្នង់ និងគីនីន នៅបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ព្រមទាំងចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមលំនៅដ្ឋានផងដែរ ក្នុងគោលបំណង សំដៅប្រែក្លាយតំបន់នេះ ឲ្យពោរពេញទៅដោយព្រៃឈើសំបូរបែប ដែលអាចបង្កើតជាគំរបពណ៍បៃតងខួបប្រាំង ខួបវស្សា និងធ្វើឲ្យប្រសើរឡើងនូវ សោភណ្ឌភាពធម្មជាតិពិតៗ ស្រស់បំព្រង។
លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏បានគូសបញ្ជាក់ថា សហគមន៍ព្រៃឈើក្នុងខេត្តមាន ០៦កន្លែង មានផ្ទៃដី១,៨២៤ហិកតា និងមានថ្នាលបណ្តុះបណ្តាលកូនឈើ ដោយបានបណ្តុះកូនឈើចម្រុះប្រភេទផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានឲ្យដឹងថា រុក្ខទិវាត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចំបងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ អភិរក្សវិស័យព្រៃឈើ នៅកម្ពុជា ដែលសម្បត្តិដ៍មានតម្លៃមិនអាចកាត់ថ្លៃបាន។ ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ណាស់ សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ និងផ្តល់នូវភាពបៃតង បរិយាកាសស្រស់បំព្រង ដែលជាមរតកដ៍មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
លោកអភិបាលខេត្តក៏បានដាក់ចេញវិធានការណែនាំចំនួន៥ចំណុច ដើម្បីបន្តចលនាដាំដើមឈើ និងរក្សាធនធានធម្មជាតិឲ្យកាន់តែមានភាព បៃតងស្រស់បំព្រងគ្រប់ទីកន្លែងនៃទឹកដីខេត្តត្បូងឃ្មុំ៖
*ទី១៖ សូមអាជ្ញាធរមូលដ្ឋាន មន្ត្រីអង្គភាពនានា បន្តចលនាបំផុសចលនាមហាជន ឲ្យចូលរួមដាំដើមឈើប្រណិត ឈើហូបផ្លែ ឈើផ្កា ឲ្យបានគ្រប់គ្នាយ៉ាងផុសផុលគ្រប់ទីកន្លែងដូចជា នៅតាមវត្តអារាម សាលារៀន សហគមន៍ តាមដងផ្លូវ លំនៅដ្ឋានទីសាធារណៈយ៉ាងហោចណាស់ម្នាក់ឲ្យបានមួយដើមក្នុងមួយឆ្នាំ
*ទី២៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវរៀបចំឲ្យមានកន្លែងថ្នាលបណ្តុះ កូនឈើប្រណិតគ្រប់ប្រភេទឲ្យបានច្រើន សម្រាប់ត្រៀមទុកសម្រាប់ចែកជូនប្រជាពលរដ្ឋឬអង្គភាព ត្រូវដាំដើមឈើនៅតាមទីសាធារណៈ
*ទី៣៖ ចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ការបំផ្លិចបំផ្លាញព្រៃឈើភ្លើងឆេះព្រៃ និងការកាប់រានព្រៃឈើ ដោយធានាការអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព
*ទី៤៖ បង្កើនការអប់រំដល់ប្រជាពលរដ្ឋ តាមរយៈកម្មវិធីដែលបង្ហាញពីសារៈសំខាន់ក្នុងការគ្រប់គ្រង និងការពារថែរក្សាធនធានព្រៃឈើប្រកបដោយនិរន្តរភាព
*ទី៥៖ យើងគប្បីរួបរួមគ្នាខិតខំ ទប់ស្កាត់ឲ្យបាននូវសកម្មភាពអនាធិបតេយ្យ ក្នុងវិស័យព្រៃឈើ ជួយជំរុញទាំងបច្ចេកទេស និងស្មារតីដល់សហគមន៍ឲ្យបានរឹងមាំ ដើម្បីជា គុណប្រយោជន៍ដល់ ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកលើផលអនុផលព្រៃឈើ តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្តីពីព្រៃឈើ។
ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ចូលរួមថែរក្សាការពារព្រៃឈើ ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុមព័ទ្ធយកដី ធ្វើជាកសិកម្មដោយខុសច្បាប់ ព្រមទាំងជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា៕