(ភ្នំពេញ)៖ ដោយមើលឃើញពីភាពល្បីល្បាញរបស់ក្រុមហ៊ុន The Habit Burger Grill របស់អាមេរិក ដែលបានបើកលក់ Burger ដែលមានរសជាតិឈ្ងុយឆ្ងាញ់ រហូតល្បីល្បាញនៅ ទូទាំងពិភពលោក ក្រុមហ៊ុនកម្ពុជាតេលា ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាការផ្តល់សិទិ្ធធុរកិច្ច ជាមួយក្រុមហ៊ុន The Habit Burger Grill ដើម្បីទទួលសិទិ្ធផ្តាច់មុខក្នុងការប្រើប្រាស់ស្លាកសញ្ញា The Habit Burger Grill ជាផ្លូវការ ដើម្បីនាំយក Burger មកដាក់លក់ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈតេលានាពេលឆាប់ៗនេះ។
ពីធីចុះហត្ថលេខានេះដែរធ្វើឡើង កាលពីដើមសប្តាហ៍កន្លងទៅនេះ ក្រោមអធិបតីភាពលោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា ជាមួយនឹងលោក Bendel Russell William អគ្គនាយកក្រុមហ៊ុន The Habit Burger Grill និងមានការចូលរួមពីបុគ្គលិកក្រុមហ៊ុនកម្ពុជាតេលា ជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនោះដែរលោកឧកញ៉ា ឈុន អូន បានលើកឡើងដែរថា ដោយមើលឃើញពីភាពល្បីល្បាញរបស់ក្រុមហ៊ុន The Habit Burger Grill ដែលបានបើកលក់ Burger ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ស្ទើរទូទាំងពិភពលោក ទើបលោកបានសម្រេចចិត្ត សហការណ៍ជាមួយក្រុមហ៊ុនលក់ Burger មួយនេះ ដើម្បីនាំចូលផ្តាច់មុខយកមកលក់ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈតេលានៅកម្ពុជាដែរ ដើម្បីឱ្យអតិថិជនប្រេងឥន្ធនៈតេលាទាំងអស់ អាចស្វែងរកភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃ Burger ដែលមានគុណភាពខ្ពស់របស់អាមេរិកនេះដែរ។
លោកឧកញ៉ា ឈុន អូន បានបន្ថែមទៀតថា នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈតេលា និងធ្វើការបើកហាង The Habit Burger Grill ជាហាង Burger ដ៏ល្បីមួយនេះ ក្នុងពេលឆាប់ៗ ខាងមុខ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបំពេញតម្រូវការរបស់អតិថិជនតេលា ដើម្បីស្វែងរកទិញ Burger ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ លើសពីនេះទៀតនោះ ស្ថានីយ៍ប្រេងឥន្ធនៈតេលា នឹងធ្វើការពង្រីកបន្ថែមឱ្យបានកាន់តែច្រើន ដើម្បីឱ្យបានកាន់តែជិតអតិថិជនផងដែរ។
សូមបញ្ជាក់ដែរថា តាមរយៈកិត្តិនាមរបស់ក្រុមហ៊ុនកម្ពុជាតេលា និងកិត្តិនាមរបស់ ម៉ាក The Habit Burger Grill ដែលជាម៉ាក Burger ដ៏ល្បីមួយនៅលើពិភពលោក យើងជឿជាក់ថា នឹងនាំមកនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ថ្មី គុណភាពថ្មី សេវា និងគុណតម្លៃបន្ថែមថ្មី សំរាប់អតិថិជននៅតាមស្ថានីយ៍ប្រេងឥន្ធនៈតេលា និងក៏ដូចជាបន្ថែម កិត្តិនាមថ្មីជូនព្រះរាជាណាចក្រកម្ពុជាផងដែរ។
គួររំលឹកដែរថា ក្រុមហ៊ុនកម្ពុជាតេលា ជាអ្នកបង្កើតវប្បធម៌ ផ្សារម៉ាត មីនីម៉ាត (Mini-Mart) នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ដំបូងគេបង្អស់ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០០២។ ជាមួយនឹងការបន្តពង្រឹងឆន្ទៈ មោះមុត លើការផ្តល់សេវាជូនដល់អតិថិជនឱ្យកាន់តែប្រសើរឡើងនោះ នៅក្នុងឆ្នាំ២០១៩នេះ នៅបណ្តាស្ថានីយ៍ប្រេងឥន្ធនៈ កម្ពុជាតេលា នឹងបើកហាង The Habit Burger Grill ជាហាង Burger ដ៏ល្បីមួយនៅលើពិភពលោក ក្នុងពេលដ៏ឆាប់ៗនេះផងដែរ៕