(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) បន្តពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG on TVET) នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ។
គោលបំណងនៃកិច្ចប្រជុំមានចំណុច៣សំខាន់ រួមមាន៖
១៖ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រសកម្មភាពវិស័យ TVET ២០១៩-២០២៣។
២៖ ពិភាក្សាសម្រេចយកសូចនាករវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ចូលទៅក្នុងសូចនាករតាមដានរួមគ្នារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
៣៖ បង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ដើម្បីរួមចំណែកសម្រេចឱ្យបាននូវ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការបែងចែកផលនៃកំណើនប្រកបដោយសមធម៌ស្របតាមកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២០១៩-២០២៣) ដែលបានកំណត់នូវយុទ្ធសាស្រ្តគន្លឹះចំនួន៥ ដែលក្នុងនោះ យុទ្ធសាស្រ្តទី២ គឺ «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ»។
លោក Simon Junker នាយកប្រតិបត្តិស្តីទីនៃទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុម TWG-TVET បានលើកឡើងថា នាពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានសម្រេចនូវអាទិភាព ដែលមានចែងក្នុងយុទ្ធសាស្រ្ត និងផែនការជាតិតាមវិស័យជាមួយភាគីពាក់ព័ន្ធ រួមមាន៖ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជននានា ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងទៅអនាគតនៅកម្ពុជា។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា នៅចំពោះមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសម្រេចនូវលទ្ធផលសំខាន់ៗមួយចំនួន រួមមាន៖
* បានរៀបចំ និងអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។
* បានធ្វើយុទ្ធនាការផ្សព្វផ្សាយបង្កើនការយល់ដឹង អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈទាំងថ្នាក់ជាតិ និងក្រោមជាតិ។
លោកបានស្នើដល់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ត្រូវរួមកិច្ចសហប្រតិបត្តិការគ្នាយ៉ាងសកម្ម ដើម្បីសម្រេចគោលដៅសូចនាករតាមដានរួមគ្នា ឆ្នាំ២០១៩-២០២៣ ដែលបានឯកភាពគ្នានៅថ្ងៃនេះ។
ដើម្បីសម្រេចបាននូវធនធានមនុស្ស ឬកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការទីផ្សាការងារ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានផ្តល់ជាអនុសាសន៍ដូចតទៅ៖
១៖ បន្តពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។
២៖ បន្តពង្រីកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីគាំទ្រការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម។
៣៖ បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងដៃគូនានា ដើម្បីធានានិរន្តរភាពនៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។
៤៖ បន្តលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕