(ស្វាយរៀង)៖ ក្រុមការងារនៃសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានកិច្ចសហការពីអាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការចុះអប់រំផ្សព្វផ្សាយស្តីពី «សុវត្ថិភាពម្ហូបអាហារ» ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រង សាលាសរុប១៥៦០នាក់។
បើតាមលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានថ្លែងឱ្យដឹងថា ការផ្សព្វផ្សាយនាពេលនេះ គឺជាចំណេះដឹង មូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» ដែលមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
លោក ផឹង និល បានបន្តទៀតថា ការផ្សព្វផ្សាយនាពេលនេះ ក៏ដើម្បីឱ្យសិស្សានុសិស្សបានដឹងអំពីផលប៉ះពាល់ នៃការបរិភោគចំណីអាហារដែលនាំ ឱ្យខូចសុខភាព។ សិស្សានុសិ្សត្រូវពិនិត្យមើលអំពីកាលបរិច្ឆេទឈ្មោះមុខទំនិញ សំបកកំប៉ុងខូចកំពិត សារធាតុគីមីដែលដាក់លើចំណីអាហារ រក្សាទុកបានយូរ និងមិនត្រូវបរិភោគចំណីអាហារណាគ្មានអនាម័យនោះទេ។
លោកបានបញ្ជាក់ថាមន្ត្រីជំនាញ ក៏បានធ្វើបទបង្ហាញខ្លីៗ និងធ្វើតេស្តចំណីអាហារមួយចំនួនរកសារធាតុគីមី ដើម្បីឱ្យសិស្សានុសិស្ស បានសិក្សា ស្វែងយល់ចំពោះមុខទំនិញ និងចំណីអាហារដែលនាំឱ្យប៉ះពាល់ដល់សុខភាពផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះសិស្សានុសិស្ស ក៏បានឡើងសួរសំណួរទៅប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នូវចង្ងល់មួយចំនួន ដែលទាក់ទងទៅ និងការបរិភោគចំណីអាហារប៉ះពាល់សុខភាព ហើយគណៈអធិបតីក៏បានឆ្លើយនូវសំណួរយ៉ាងក្បោះក្បាយ រួមទាំងចែកជូន នូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ រាប់រយផ្ទាំងដល់សិស្សនុសិស្សផងដែរ៕