(ស្វាយរៀង)៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ ៣៨ខ្នង និងបង្គោលអង់តែនវិទ្យុទាក់ទង ១បង្គោលស្មើ ២០កង់ (ប្រវែង៦០ម៉ែត្រ) ត្រូវដួលរលំ និងរបើកដំបូលដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង ស្ថិតនៅក្នុងក្រុងបាវិតស្រុកចន្ទ្រា ស្រុករំដួល និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមអាជ្ញាធរខេត្តបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ថា នៅស្រុកកំពង់រោទិ៍ កាលពីថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់មួយកើត ឡើងបណ្តាលឱ្យរលំ និងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន១៥ខ្នងស្មើរ និង០៣ឃុំ មានឃុំខ្សែត្រឃុំស្វាយតាយាន និងឃុំសំឡី។
ចំណែកស្រុកចន្ទ្រាបានបណ្ដាលឱ្យប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២ ឃុំគឺឃុំច្រេស និងឃុំមេសរថ្ងក សរុបផ្ទះចំនួន ១៥ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន ០៣ខ្នង និងអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ច្រេស របើកដំបូល០១ ខ្នង អស់០៣បន្ទប់ ធ្វើឱ្យខូចខាតឯកសារ សៀវភៅសិក្សា និងសម្ភារមួយចំនួននៅតាមបន្ទប់ទីចាត់ការសាលាបណ្ណាល័យ និងថ្នាក់រៀន។
អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ក៏ទទួលរងនូវខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតទាំងស្រុងនូវបង្គោលអង់តែនវិទ្យុទាក់ទងចំនួន ០១ បង្គោល ស្មើ ២០កង់ (៦០ម៉ែត្រ)។ ក្នុងនោះស្រុករំដួល ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅក្នុងឃុំធ្មា និងក្រុងបាវិត មាន៣ខ្នងផ្ទះ ប៉ុន្តែមិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕