(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៉ិក ប៊ុនហុក បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ការគម្រាមកំហែង និងការបំផិតបំភ័យឡើយ។
លោក ស៉ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសបិទសន្និបាទបូកសរុបការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តបាត់ដំបង។
ប្រធាន គ.ជ.ប រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រក្សា អាណត្តិទី៣ ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ត្រូវបានអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បទបញ្ជា និងនីតិវិធីផែនការមេ និងប្រតិទិនការងារសម្រាប់ការបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត»។
លោកបន្តថា «ជាទូទៅ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា និងការគម្រាមកំហែង និងការបំផិតបំភ័យឡើយ»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។
អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប ៤,១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។ អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១,៥៧២នាក់។
លោក ស៉ិក ប៊ុនហុក បានថ្លែងបន្តថា ជោគជ័យដ៏ត្រចេះត្រចង់នេះ សម្រេចទៅបានអាស្រ័យដោយមានការចូលរួមដ៏ថ្លៃថ្លា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ (ដែលបានអញ្ជើញទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត) ព្រមទាំងប្រជាពលរដ្ឋទាំងអស់ (ដែលដល់អាយុបោះឆ្នោត) ហើយដែលបានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតកន្លងមក។
ឆ្លៀតក្នុងឱកាសនោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងដំណើការរៀបចំការបោះឆ្នោត និងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ ស្មារតី និងកាយវិការខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទះនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកតម្កើងកិត្តិយសជាតិ និងមោទកភាពរបស់ជាតិ ក្នុងដំណើរការឈានទៅមុខ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ៕