(កណ្ដាល)៖ សិស្សដែលកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យចំនួន៤ក្នុងស្រុកកោះធំ ខេត្តកណ្ដាល ប្រមាណជាង៧០០នាក់ ទទួលបានការបំពាក់បំប៉ន ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។
ក្នុងពិធីសំណេះសំណាល និងបើវគ្គតម្រង់ទិស នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ឯក រ័ត្ន អនុប្រធានក្រុមការងារចុះជួយស្រុកកោះធំ បានបញ្ជាក់ថា វគ្គបំប៉នតម្រង់ទិសនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ពី លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំផ្ទាល់តែម្ដង។
លោក ឯក រ័ត្ន បានលើកឡើងថា ការរៀបចំវគ្គតម្រង់ទិសនេះឡើង ក្នុងគោលបំណងដើម្បីផ្ដល់ជូនសិស្សានុសិស្សថ្នាក់ទី១២ ក្នុងស្រុកកោះធំ ដែលនឹងត្រូវចូលរួមប្រឡងនាពេលខាងមុខ ឲ្យបានយល់ដឹង និងស្វែងយល់បន្ថែម អំពីគន្លឹះសំខាន់ៗមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ ដើម្បីទទួលបានជោគជ័យ និងសម្រាប់ត្រៀមខ្លួន ឈានទៅចាប់យកមុខវិជ្ជា និងជំនាញ ដើម្បីបន្ដការសិក្សានៅតាមគ្រឹះស្ថានសិក្សានានា។
វគ្គសិក្សាតម្រង់ទិសនេះ មានការចូលរួមបង្ហាញនូវបទពិសោធន៍ និងទស្សនទានជាប្រទីបបំភ្លឺផ្លូវមួយចំនួនពីសំណាក់ លោក សើរ សេងថា អតីតសិស្សនិទ្ទេស A ឆ្នាំសិក្សា២០១៥-២០១៦, លោក តឹក សុខហេង នាយកតំបន់កណ្ដាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត, លោកស្រីវេជ្ជបណ្ឌិត ឈុន សមសោភា ប្រធានផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់មែត, លោក ហឿន សំនៀង នាយករងខុទ្ទកាល័យទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល និងលោក គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តកណ្ដាល។
គួរជម្រាបថា វគ្គបំប៉ននេះបានចាប់ផ្ដើមដំណើរការ ពីថ្ងៃទី០៨ ខែមិថុនា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លើកមុខវិជ្ជាចំនួន៩ ចែកជាថ្នាក់វិទ្យាសាស្ដ្រ (ភាសាអង់គ្លេស, គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា និងភាសាខ្មែរ) និងថ្នាក់សង្គម (សីលធម៌, ភូមិវិទ្យា, ប្រវត្តិវិទ្យា, គណិតវិទ្យា, អង់គ្លេស និងភាសាខ្មែរ)។
ក្រោមការយកចិត្ដទុកដាក់ពីលោក ស៊ុន ចាន់ថុល ក្រោយពីប្រឡងជាប់ ក្រុមការងារថ្នាក់ជាតិ នឹងខិតខំស្វែងរកអាហារូបករណ៍ ១០០% ឬ៥០% និងមានផ្ដល់រង្វាន់សម្រាប់សិស្សនិទ្ទេស A ផងដែរ៕