(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគណ វឌ្ឍនា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ នៅ ត្រង់ចំណុចមុខផ្ទះលេខ០៨៩ ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនបង្កដែលតុលាការសម្រេចឃុំខ្លួននេះ ឈ្មោះ វ៉ា វន្នី អាយុ២៤ឆ្នាំ រស់នៅភូមិកំពង់ភ្នំ ឃុំកំពង់ពោធិ៍ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យស្លាប់ និងរបួសអ្នកដ៏ទៃ» តាមបញ្ញត្តិមាត្រា៨៣ និង៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅ ត្រង់ចំណុចមុខផ្ទះលេខ០៨៩ ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឲ្យក្មេងប្រុសស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់៕