(ហ្សឺណែវ, ស្វីស)៖ ក្នុងដំណើរបំពេញបេសកកម្មការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក វិល ស្គីនណារី (Ville Skinnari) រដ្ឋមន្ត្រីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ ប្រទេសហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារសំខាន់ៗមួយចំនួន។
ជាកិច្ចចាប់ផ្តើមនៃជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក វិល ស្គីនណារី បានជជែកទៅលើការទិញម៉ាស៊ីនភ្លើងសម្រាប់ផលិតថាមពលនៅកម្ពុជា។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខរដ្ឋមន្ត្រីហ្វាំងឡង់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនហ្វាំងឡង់ដែលបានលក់ម៉ាស៊ីនភ្លើងអាចផលិតថាមពលរហូតដល់ ២០០េមហ្គាវ៉ាត់ និងបញ្ចេញផ្សែងពុលតិច សម្រាប់ដោះស្រាយបញ្ហាខ្វះថាមពលនៅកម្ពុជា។
សមភាគីទាំងពីរក៏បានជជែកផងដែរទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់នេះ លោករដ្ឋមន្ត្រីហ្វាំងឡង់ បានគូសបញ្ជាក់ថា ហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីជួយលើកតម្កើងដល់ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានាពេលខាងមុខ។
ក្រៅពីបញ្ហាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់ សម្តេចតេជោ ហ៊ុន សែន បានជជែកផ្តោតជាសំខាន់ទៅលើការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
លោក កៅ គឹមហួន បានបញ្ជាក់ថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានស្នើដល់លោក វិល ស្គីនណារី អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាណែនាំដល់ដល់អ្នកវិនិយោគហ្វាំងឡង់បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រៅពីវិស័យថាមពល ក្រុមហ៊ុនរបស់ហ្វាំងឡង់អាចសិក្សាវិនិយោគលើវិស័យជាច្រើនផ្សេងទៀត ដែលអាចពិចារណាលើសហគ្រាសធុនតូច និងធម្យមផងដែរ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចចង់ឃើញក្រុមហ៊ុនហ្វាំងឡង់វិនិយោគនៅកម្ពុជា ដោយអាចកែច្នៃនៅកម្ពុជាហើយនាំចេញទៅហ្វាំងឡង់ និងប្រទេសផ្សេងៗទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាត្រូវការអ្នកវិនិយោគពីហ្វាំងឡង់ ហើយក៏ត្រូវការពង្រីកទីផ្សារជាមួយហ្វាំងឡង់ផងដែរ សម្រាប់ផលិតផលរបស់កម្ពុជា។
នៅចំពោះមុខរដ្ឋមន្ត្រីហ្វាំងឡង់ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា នៅពេលនេះ ប្រទេសកម្ពុជាបានទិញ និងនាំចូលផលិតផលពីហ្វាំងឡង់ច្រើនជាង ប្រទេសហ្វាំងឡង់ទិញ ឬនាំចូលផលិតផលរបស់កម្ពុជាទៅហ្វាំងឡង់។ សម្តេចតេជោ បានមានប្រសាសន៍ប្រាប់រដ្ឋមន្ត្រីហ្វាំងឡង់ថា សម្តេចចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា និងហ្វាំងឡង់មានការកើនឡើងនាពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា កម្ពុជាមានធនធានធម្មជាតិដូច្នេះហ្វាំងឡង់ចូលរួមវិនិយោគ និងកែច្នៃសម្រាប់នាំចេញ។
ក្នុងជំនួបនេះរដ្ឋមន្ត្រីហ្វាំងឡង់បង្ហាញបំណងចង់វិនិយោគលើការគ្រប់គ្រងកាកសំណល់នៅកម្ពុជាផងដែរ។ ពាក់ព័ន្ធកាកសំណល់សម្តេចតេជោបានអះអាងថា ជារឿងរសើបមួយនៅកម្ពុជា សម្តេចបានស្នើហ្វាំងឡង់ពិនិត្យវិនិយោគប្រសិនបើមានការចាប់អារម្មណ៍។ តែសម្តេចតេជោ ក៏បានរំលឹកផងដែរថា ពីគោលនយោបាយ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនឱ្យមានការនាំចូលកាកសំណល់ពីក្រៅប្រទេស ហើយកាកសំណល់ក្នុងប្រទេសត្រូវផលិតទៅជាថាមពល ឬផលិតក្រដាសជាដើម។
ក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់កាលពីឆ្នាំ២០០៦ ក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលហ្វាំងឡង់ធ្វើជាម្ចាស់ផ្ទះ។ តាមរយៈលោករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មេដឹកនាំប្រទេសហ្វាំងឡង់ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការនាំចេញអង្កររបស់កម្ពុជាមកកាន់ទីផ្សារសហគមន៍អឺរ៉ុបផងដែរ។ សម្តេចបានស្នើប្រទេសហ្វាំងឡង់ គាំទ្រនូវគោលជំហររស់កម្ពុជាក្នុងការលក់អង្ករ ដោយសារកម្ពុជាមានអង្ករចំណាត់ថ្នាក់លេខ១នាំចេញមកអឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ចំពោះការយកពន្ធលើអង្ករកម្ពុជា។ សម្តេចតេជោ បានថ្លែងថា ការយកពន្ធនេះមិនយុត្តិធម៌សម្រាប់កម្ពុជានោះឡើយ ក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។ វាជារឿងសំខាន់ណាស់សម្រាប់តំបន់ទាំងពីរនេះក្នុងការធ្វើការជាមួយគ្នាទាំងពេលកន្លងទៅ ក៏ដូចជាពេលខាងមុខ។ សម្តេចតេជោ បានបញ្ជាក់ទៅរដ្ឋមន្ត្រីហ្វាំងឡង់ថា ឥឡូវនេះភាគីទាំងពីកំពុងចរចារិះរកវិធីធ្វើជំរុញការធ្វើពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ៕