(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះបានទទួលជួបលោកបណ្ឌិត Michael Roy តំណាងនាយកដ្ឋានមហាផ្ទៃ នៃសហរដ្ឋអាមេរិក និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងគំនិតផ្តួចផ្តើម ធ្វើផ្លូវចរាចរណ៍ត្រីតំបន់មេគង្គក្រោម (Lower Mekong Fish Passage Initiative - Cambodia) ដែលជាជំនួយបច្ចេកទេសពី ក្រសួងមហាផ្ទៃអាមេរិក និងមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)។
គោលបំណងរបស់គម្រោងមានចំនួន៣ផ្តោតជាសំខាន់គឺ៖ ១៖ ការពង្រឹងសមត្ថភាព វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ការងារបច្ចេកទេសសាងសង់ និងស្រាវជ្រាវស្តីពី ជណ្តើរត្រីរួមជាមួយការតាមដានសមត្ថភាពបំលាស់ទីរបស់ត្រីឆ្លងកាត់, ២៖ ការសាងសង់ជណ្តើរត្រីបង្ហាញ, និង៣៖ ការគាំទ្របង្កើតគោលនយោបាយជណ្តើរត្រីជាតិសម្រាប់កម្ពុជា។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិកដែលបានជួយគាំទ្រ ដល់ការអភិវឌ្ឍលើគ្រប់វិស័យពិសេស វិស័យកសិកម្មនៅកម្ពុជា។
លោក វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដែលគម្រោងទទួលបានដោយក្នុងខែដំបូងនៃ ការបញ្ចប់ការសាងសងផ្លូវជណ្តើរត្រីនៅស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ឃើញថា មានពូជត្រីជាង៦០ប្រភេទ បានហែលឆ្លងកាត់ប្រកបដោយជោគជ័យ។
លោកបានបន្ដថា ដើម្បីថែរក្សា និងអភិរក្សពូជត្រីធម្មជាតិខាងក្រសួងកសិកម្មបានស្នើ ដល់រដ្ឋាភិបាលអាមេរិកតាមរយៈអង្គការ USAID ពិនិត្យលទ្ធភាព ក្នុងការផ្តល់ការគាំទ្របន្ថែម ជាពិសេសនៅតំបន់ទន្លេសាប ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរណ៍របស់ត្រី។
លោកបណ្ឌិត Michael Roy បានបញ្ជាក់ថា គម្រោងនេះទទួលបានលទ្ធផលជាផ្លែផ្កា ក៏ដោយសារកិច្ចសហការយ៉ាងល្អប្រសើរ ជាមួយគ្រប់ភាគីពាក់ព័ន្ធពិសេសមន្ត្រីជំនាញនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទន្ទឹមនេះលោកបណ្ឌិតបានឯកភាព និងគាំទ្រចំពោះសំណើរបស់លោករដ្ឋមន្ត្រី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ។ លោកសង្ឃឹមថា អង្គការ USAID នឹងពិនិត្យលទ្ធភាព ក្នុងការផ្ដល់ការគាំទ្រហើយក្រុមការងាររបស់លោករងចាំ ផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យជលផលកម្ពុជា ប្រកបដោយចីរភាព៕