(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបដិសេធការចោទប្រកាន់ទៅលើរូបលោក ចំពោះការលក់ដី៣កន្លែង នៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកអះអាងថា ពាក់ព័ន្ធនឹងការលក់ដីនេះ លោកមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ ដែលអាចតតាំងជាមួយគូជម្លោះ ឬបំភ្លឺកាន់តែច្បាស់ នៅក្នុងករណីដែលមានកិច្ចពិភាក្សាណាមួយ ដែលរៀបចំដោយ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។

លោក ញឹក ប៊ុនឆៃ បានថ្លែងតាមរយៈសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះថា៖ «ឥឡូវបានប្រគល់មកខាងអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី យើងខ្ញុំរីករាយ ព្រោះយើងខ្ញុំមានឯកសារគ្រប់គ្រាន់ ដែលក្នុងករណីទាំងអស់នេះ គឺសង្ឃឹមថាយើងខ្ញុំ ទទួលបានយុត្តិធម៌នៅពេលដែលអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី ដែលនឹងមានការកោះប្រជុំនៅពេលឆាប់ៗនេះ»

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើលិខិតមួយជូន ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និងជា​ប្រធាន​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​ ឱ្យដោះស្រាយទៅលើបណ្តឹងពលរដ្ឋដែលប្តឹង លោក ញឹក ប៊ុនឆៃ អំពីភាពមិនប្រក្រតីក្នុងការលក់ដី៣កន្លែង នៅក្នុងឃុំចំនួន៣ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លិខិតនេះ ធ្វើឡើងតាមចំណារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីមានរបាយការណ៍របស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺលោក សុខសុវណ្ណ វឌ្ឍនា សាពង្ស (ហៅ william guang) ប្រធានគណបក្សខ្មែរក្រោក ដែលបានចុះស្រាវជ្រាវ ពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីនេះ។

នៅក្នុងសន្និសីទកាសែត លោក ញឹក ប៊ុនឆៃ បានចោទថា លោក William Guang កំពុងតែឃុបឃិតគ្នា ក្នុងការចោទប្រកាន់មកលើរូបលោក។ លោកបំភ្លឺថា ដើមហេតុនេះបញ្ហានេះ គឺលោក លី សាយឃាង បានលក់ដីកំពុងមានទំនាស់ឱ្យមករូបលោក ដោយមានកិច្ចសន្យាប្រគល់សិទ្ធិលក់ទិញអចលនៈវត្ថុ (ដី) ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី បញ្ហាដីធ្លីខាងលើនេះ ក៏ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងប្រជាជន បានដោះស្រាយបញ្ចប់ តាមកិច្ចព្រមព្រៀងស្តីពីការបញ្ចប់ជម្លោះដីធ្លី ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ រួចហើយ។

លោក ញឹក ប៊ុនឆៃ បានបកស្រាយទៀតថា ក្រោយមក លោក តាំង សុខឃី ដែលជាឈ្មួញមករកទិញដី បានសហការជាមួយ លោក លី សាយឃាង ដើម្បីឈប់ទទួលស្គាល់កិច្ចសន្យាប្រគល់សិទ្ធិ លក់ទិញអចលនវត្ថុ (ដី) របស់លោក ថែមទាំងមិនទទួលស្គាល់ប្រាក់កក់ថ្លៃដី ដែលបានទទួលរួចហើយកន្លងមកផងដែរ។

លោក លី សាយឃាង បានតែងតាំងលោក តាំង សុខឃី ជាតំណាងក្រុមហ៊ុនថ្មី ដែលមានការជួយជ្រោមជ្រែងពី លោក សុខសុវណ្ណ វឌ្ឍនា សាពង្ស (ហៅវីលៀម) ប្រធានគណបក្សខ្មែរក្រោកផង ដើម្បីលក់ដីនេះ ចែកផលប្រយោជន៍គ្នា ដែលធ្វើឱ្យបញ្ហារជម្លោះដីធ្លីនេះ ដែលត្រូវបានបញ្ចប់ទៅហើយ
ត្រលប់មកមានបញ្ហាដដែលវិញ ធ្វើឱ្យមានបញ្ហារ មិនអាចធ្វើការអភិវឌ្ឍនៅតំបន់នេះទៅមុខបាន។

លោក ញឹក ប៊ុនឆៃ បានស្នើដល់អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ ស្រាវជ្រាវ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់រូបលោក ពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើនេះ៕