(ភ្នំពេញ)៖ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងឆ្លើយតបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះ ខេត្តហ្វូជាន ក្រុមកីឡាករបាល់ទះកម្ពុជា២១រូប បានធ្វើដំណើរទៅកាន់ខេត្តហ្វូជាន ប្រទេសចិន ដើម្បីហ្វឹកហាត់រយៈពេល២ខែ។
ការហ្វឹកហាត់ឆ្លងប្រទេសលើកនេះ គឺទទួលបានការជ្រោមជ្រែងពីសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា ព្រមទាំងការឧបត្ថម្ភថវិកាជាង១០ម៉ឺនដុល្លារ របស់អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។ ដើម្បីលើកកម្ពស់យុទ្ធសាស្ត្រនៃ ការប្រកួតរបស់ក្រុមកីឡាករបាល់ទះកម្ពុជា មជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះខេត្តហ្វូជាន បានចាត់តាំង លោក Li Jun គ្រូបង្វឹកបាល់ទះជនជាតិចិន មកធ្វើការបង្វឹកនៅប្រទេសកម្ពុជា រយៈពេល១០ខែផងដែរ។
ដើម្បីត្រួតពិនិត្យលទ្ធផលនៃការបង្វឹកនេះ និងក្រោមការជួយជ្រោមជ្រែងពី សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា មជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះខេត្តហ្វូជាន បានអញ្ជើញក្រុមកីឡាករសម្ព័ន្ធបាល់ទះកម្ពុជា ឲ្យធ្វើដំណើរទៅកាន់ខេត្តហ្វូជាន ប្រទេសចិន ដើម្បីហ្វឹកហាត់រយៈពេល២ខែ ក្នុងគោលបំណងធានាថា ក្រុមកីឡាករបាល់ទះកម្ពុជា អាចទទួលបានសមិទ្ធផលល្អប្រសើរ ក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។
ចាប់តាំងពីការបង្កើតឡើង៤ឆ្នាំកន្លងមក សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា បានប្តេជ្ញាចិត្តចូលរួមចំណែក ក្នុងការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន តាមរយៈការជួយឧបត្ថម្ភផ្នែកសិក្សា និងសកម្មភាពឧបត្ថម្ភផ្សេងៗជាច្រើនទៀត។
ការជួយឧបត្ថម្ភក្រុមកីឡាករបាល់ទះកម្ពុជា ទៅហ្វឹកហាត់នៅខេត្តហ្វូជានលើកនេះ នឹងជួយលើកកម្ពស់កម្រិតយុទ្ធសាស្ត្រ នៃការប្រកួតរបស់ក្រុមកីឡាករជាតិកម្ពុជា និងការអភិវឌ្ឍនៃវិស័យបាល់ទះនៅប្រទេសកម្ពុជា ក៏ដូចជាជួយជំរុញការបញ្ច្រៀប ទៅប្រទេសខាងក្រៅ នូវបច្ចេកទេសបាល់ទះប្រទេសចិន។
ម្យ៉ាងទៀតហេតុការណ៍នេះក៏ជាសក្ខីភាព នៃចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងប្រទេសចិន ព្រមទាំងជាការអនុវត្តរួមគ្នា និងជួយគ្នាទៅវិញទៅមក លើការអភិវឌ្ឍវិស័យកីឡារបស់ ប្រទេសទាំងពីរផងដែរ៕