(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា នៅរសៀលថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាព នៃគម្រោងកម្មវិធីសម្រាប់ការអភិវឌ្ឍវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន៖ សមាសភាគការនេសាទ (CAPFISH - Capture) ដែលគម្រោងនេះ ស្ថិតក្រោមជំនួយឧបត្ថម្ភហិរញ្ញប្បទានឥតសំណង ពីសហភាពអឺរ៉ុប។
រដ្ឋបាលជលផលបានឲ្យដឹងថា ជំនួយឧបត្ថម្ភហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុបមានចំនួន៨៧លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងរយ:ពេល៦០ខែ (២០១៩- ២០២៣) និងសហការអនុវត្តដោយអង្គការ FAO UNESCO និង UNIDO ហើយរដ្ឋបាលជលផល ជាស្ថាប័នទទួលខុសត្រូវ។
គម្រោងនេះមានគោលបំណងចំបង គឺគាំទ្រលើឆន្ទ:របស់រាជរដ្ឋាភិបាល ដែលមានចេតនាចង់ធ្វើការអភិវឌ្ឍវិស័យជលផលឲ្យមាននិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័នតាមរយ:ការអនុវត្តផែនការ សកម្មភាពសំខាន់ៗចំនួន០៣
ទី១៖ ការកែលម្អការដឹកនាំ ការគ្រប់គ្រងលើការអនុវត្តច្បាប់ និងបច្ចេកទេសការគ្រប់គ្រង អភិរក្ស ត្រួតពិនិត្យ និងអង្កេតធនធានជលផលទាំងទឹកសាបនិងសមុទ្រ។
ទី២៖ ធ្វើការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមតាមរយ:ការពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម-កែច្នៃ) ដែលរួមចំណែកបង្កើតការងារ និងបង្កើនចំណូលគ្រួសារ
ទី៣៖ ធ្វើការកាត់បន្ថយគម្លាតសេដ្ឋកិច្ច និងសង្គមរវាងប្រជានេសាទ ជាមួយប្រជាពលរដ្ឋមិនមែនជាអ្នកនេសាទ។
ការអនុវត្តផែនការសកម្មភាពសំខាន់ៗទាំង០៣ខាងលើ នឹងផ្តល់លទ្ធផលតាមការរំពឹងទុក ដែលក្នុងនោះមានជាអាទិ៍៖ ពង្រឹងការអនុវត្តច្បាប់បច្ចេកទេស ការគ្រប់គ្រងការនេសាទ ការកែច្នៃ ការការពារដែននេសាទ ការបង្កើតជម្រកត្រីពូជ ការបណ្តុះបណ្តាលសហគមន៍ និងផ្សព្វផ្សាយការផ្តល់សេវាកម្ម ការគ្រប់គ្រងមូលនិធិ ការកាត់បន្ថយការបាត់បង់ក្រោយពេលប្រមូលផល ការបង្កើនបរិមាណផលនេសាទក្នុងទីផ្សារ ធានាស្តង់ដារគុណភាព សុវត្ថិភាពទីផ្សារជាតិ-អន្តរជាតិ ការកសាងសមត្ថភាពមន្រ្តីជំនាញអំពីការត្រួតពិនិត្យគុណភាព និងអនាម័យ។ ទន្ទឹមនឹងនេះ ផ្តល់ការគាំទ្រដល់វិស័យឯកជន ក្នុងការវិនិយោគវារីវប្បកម្ម និងផ្តល់ហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម។ល។
ក្រៅពីនេះ គម្រោងក៏នឹងជួយគាំទ្រដល់សេវាទឹកស្អាត អនាម័យ និងការគ្រប់គ្រងកាកសំណល់ថាមពល និងការអប់រំនៅតំបន់ដីសើម និងតំបន់ឆ្នេរគាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ផងដែរ។ ជារួមទាំងគោលបំណង និងលទ្ធផលដែលរំពឹងទុកនៃគម្រោងទាំងមូល នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ស្តីពី «វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU» ដែលសេចក្តីព្រាងច្បាប់នេះ ទើបតែត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០១ ខែកក្កដាកន្លងមក។
លោករដ្ឋមន្ត្រីតាមរយ:លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហភាពអឺរ៉ុប ដែលបានបន្តជួយគាំទ្រ និងសហការបានយ៉ាងល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ ជាក់ស្តែង គម្រោង CAPFISH - CAPTURE នេះតែម្តងដើម្បីអភិវឌ្ឍន៍វិស័យជលផល។
លោករដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថា គម្រោងនេះនឹងបង្កើតបាននូវធាតុចូលសំខាន់ៗ តាមការរំពឹងទុក ហើយលទ្ធផលនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យជលផល ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលអនាគត។
លោកក៏បានណែនាំឲ្យ រដ្ឋបាលជលផលបន្តកិច្ចសហការយ៉ាងល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ជំនួយ ដើម្បីអនុវត្តគម្រោងឲ្យបានជោគជ័យ៕