(ហ្សឺណែវ, ស្វីស)៖ នៅចំពោះមុខថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្តាមេដឹកនាំរដ្ឋជាសមាជិក ព្រមទាំងដៃគូអភិវឌ្ឍន៍របស់អង្គការ ពាណិជ្ជកម្មពិភពលោកមួយចំនួនទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍អង្គការ WTO បន្តជួយលើគម្រោងសំខាន់ៗមួយចំនួនទៀត ដើម្បីឱ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។
ការទទូចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងតាមរយៈសុន្ទរកថាគន្លឹះថ្លែងក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ «ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ សម្តេចតេជោ ហ៊ុន សែន នៅទីស្នាក់ការងារអង្គការពាណិជ្ជកម្ម ពិភពលោកបានគូសរំលេចនូវអត្ថប្រយោជន៍ជាច្រើនក្នុងនាមជាសមាជិកពាណិជ្ជកម្មពិភពលោកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានខិតខំបំពេញនូវតួរនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និងការរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច, ច្បាប់, បទប្បញ្ញត្តិផ្សេងៗ និងវិធាននានា ដើម្បីឱ្យមានអនុលោមភាព និងសង្គតិភាពទាំងស្រុង ជាមួយបទប្បញ្ញត្តិអន្តរជាតិ ជាពិសេសឱ្យស្របតាមការសន្យារបស់កម្ពុជា ក្រោមក្របខ័ណ្ណនៃអង្គការពាណិជ្ជកម្មពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ជាមួយការខិតខំបំពេញកាតព្វកិច្ចជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តយ៉ាងខាប់ខ្លួន នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ខិតខំរក្សាសន្តិភាព, សន្តិសុខ, ស្ថិរភាពនយោបាយ, សណ្ឋាប់ធ្នាប់សង្គម និង គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញ និង អនុវត្តនូវយុទ្ធសាស្រ្តទូលំទូលាយ ជាអាទី យុទ្ធសាស្រ្តចតុកោណ ដែលជារបៀបវារៈគោលនយោបាយរួមសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងយុទ្ធសាស្រ្តតាមវិស័យសំខាន់ៗដទៃទៀត។
នៅក្នុងវិស័យពាណិជ្ជកម្មវិញ កម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា តាំងពីឆ្នាំ២០០១ ហើយបានកែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើបច្ចុប្បន្នភាពលើកទីបីរួចរាល់ជាស្ថាពរនូវយុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២២៣ សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និង អនាគត នៃពាណិជ្ជកម្មតំបន់ និងពិភពលោក។
«ជាលទ្ធផលពីកិច្ចខំប្រឹងប្រែងខាងលើកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧,៧% ប្រកបដោយបរិយាប័ន្ន និង សមធម៌ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ។ កម្ពុជាថែមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្រ្ត គឺការឆ្លងពីឋានៈប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការក្នុងឆ្នាំ២០១៥។ សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧,៥% និង ត្រូវបានព្យាករណ៍ថា នឹងអាចបន្តរក្សាបានក្នុងរង្វង់៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅក្រោម១០% ក្នុងឆ្នាំ២០១៨»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «កម្ពុជាបានធ្វើពិពិធកម្មទាំងផលិតផល និង ទីផ្សារ ដែលក្នុងនោះ ការនាំចេញរបស់កម្ពុជា បានកើនពី ៥,៧ប៊ីលានដុល្លារ (ស្មើនឹង ៤០,៥% នៃផសស) នៅឆ្នាំ២០១២ មកដល់ ១៣ប៊ីលានដុល្លារ (ស្មើនឹង ៥៣,២% នៃផសស) នៅឆ្នាំ២០១៨ និងបានធ្វើពិពិធកម្មបន្តិចម្តងៗពីការនាំចេញសម្លៀកបំពាក់ទៅកាន់ផលិតផលផ្សេងទៀត។ ដូចគ្នានេះដែរ គោលដៅនាំចេញត្រូវបានធ្វើពិពិធកម្ម ពីការផ្តោតលើទីផ្សារសហរដ្ឋអាមេរិក ទៅផ្តោតលើទៅផ្សារអឺរ៉ុប, ជប៉ុន, តំបន់អាស៊ាន និង ប្រទេសដទៃទៀត»។
បើទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈយ៉ាងណាក្តី តែសម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចមហិច្ឆតានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់រដ្ឋជាសមាជិក និង ដៃគូអភិវឌ្ឍន៍ទាំងអស់ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀត តាមវិស័យសំខាន់មួយចំនួន៧ដូចខាងក្រោម៖
ទី១៖ ការពង្រឹងភាពប្រកួតប្រជែងរបស់បញ្ហាប្រទេសអភិវឌ្ឍន៍តិចតួច និង ជួយគាំទ្រដល់កម្មវិធី និង ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ។
ទី២៖ ការបន្ត និង បង្កើនការផ្តល់ភាពអនុគ្រោះនានា តាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឬ ឯកតោភាគី ហើយសូមធ្វើការពិចារណាឱ្យបានដិតដល់ មុននឹងដាក់វិធានការព្យួរ ឬ ដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះ ការព្យួរ ឬ ដកចេញនេះ នឹងធ្វើឱ្យប្រទេសទាំងនោះ មិនអាចជួយពិភពលោកឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមិនអាចជួយពួកគេឱ្យចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ ដែលចលនានេះ គឺជាដំណើរផ្ទុយទាំងស្រុងទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ និង អង្គការពាណិជ្ជកម្មពិភពលោក ។
ទី៣៖ ការកសាងសមត្ថភាព ដើម្បីទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី, ជាពិសេស ផ្នែកសេវាកម្ម និង ការទទួលយកបដិវត្តឧស្សាហកម្មទី ៤, និង ដើម្បីទាញយកផលប្រយោជន៍ដែលអាចទទួលបានពីសេដ្ឋកិចឌីជីថល។
ទី៤៖ ការរៀបចំយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ច និង ផលិតផលចម្រុះ សំដៅបង្កើនការនាំចេញដែលជាប្រភពចំណូលសម្រាប់លើកកម្ពស់សុខមាលភាព និង ការងារដល់ស្ត្រី។
ទី៥៖ ការតភ្ជាប់គោលនយោបាយ, យុទ្ធសាស្ត្រ និង ចក្ខុវិស័យនានា របស់ប្រទេសអភិវឌ្ឍន៍តិចតួចជាមួយនឹងការវិវត្តិសេដ្ឋកិច្ចតំបន់ និង ពិភពលោក។
ទី៦៖ ការបង្កើតនវានុវត្ត និង ជំរុញលើកម្ពស់ការអនុវត្តថ្មីៗ តាមរយៈកៀរគរហិរញ្ញប្បទានបន្ថែម ពីដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ក្រោមក្របខ័ណ្នៃកិច្ចប្រជុំនេះ និង កិច្ចប្រជុំផ្សេងទៀត។
ទី៧៖ ការបន្តផ្តល់ជំនួយនានា សម្រាប់ការកែទម្រង់ និង សម្រាប់ការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម, ពិសេសលើការងារកែទម្រង់លិខិតបទដ្ឋានគតិយុត្តិនានា។
ក្នុងសុន្ទរកថាគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចពីកិច្ចខិតខំប្រឹងប្រែងមួយចំនួនរបស់កម្ពុជាក្នុងការអនុវត្តន៍ និងគោរពតាមច្បាប់ និងគោលការណ៍នានារបស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ដើម្បីជាការតបស្នងដល់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាដើម្បីជួយទ្រទ្រង់ដល់ការចរចាក្រោមក្របខ័ណ្នៃអង្គការពាណិជ្ជកម្មពិភពលោក និងពង្រឹងតួនាទីរបស់អង្គការនេះ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោកកំពុងទទួលរងនូវការគំរាមពីនយោបាយគាំពារនិយម និង សង្គ្រាមពាណិជ្ជកម្មនោះ កម្ពុជា បានសម្រេចឱ្យបង្កើតស្ថានបេសកកម្មប្រចាំអង្គការនេះ នៅឆ្នាំ២០១៧ ហើយបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអគ្គរាជទូតរបស់យើងនៅទីនេះ ខិតខំបំពេញតួនាទីធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០១៧-២០១៨ ឱ្យបានជោគជ័យ និង បន្តបំពេញតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិក ត្រោយកា (TROIKA) ជួយដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល និង សាធារណរដ្ឋឆាត ក្នុងការដឹកនាំសម្របសម្រួលក្រមប្រទេសអភិវឌ្ឍន៍តិចតួចទាំង ៣៦ ប្រទេស លើការចរចាក្រោមក្របខ័ណ្ណអង្គការពាណិជ្ជកម្មពិភពលោក ឱ្យបានជោគជ័យបន្តទៀត។
កម្ពុជាក៏បានខិតខំប្រឹងប្រែង និង ម្ចាស់ការលើការអនុវត្តកាតព្វកិច្ចនានា រួមទាំងកាតព្វកិច្ចនៃការជូនដំណឹង និង ការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្ម, បានចំនួនពីរលើករួចមកហើយ ក្នុងឆ្នាំ ២០១១ និង ២០១៧ ព្រមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់សច្ចាប័នចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និង បានអនុវត្តបទប្បញ្ញត្តិ ប្រមាណជាង ៧០% រួចមកហើយផងដែរ។
ក្នុងក្របខ័ណ្ណអាស៊ាន និង តំបន់ កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តកាតព្វកិច្ច និង កិច្ចព្រមព្រៀងនានារបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាន- ឆ្នាំ២០១៥ និង ចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងប្រែក្លាយអាស៊ានទៅជាទីផ្សារ និង មូលដ្ឋានផលិតកម្មរួម។
កម្ពុជា ក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ីចំនួន ១៥ទៀត ដើម្បីចរចាបញ្ចប់ក្នុងឆ្នាំ២០១៩នេះ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ ហៅកាត់ថា RCEP ដែលមាន ផ.ស.ស ជាង ៣០% នៃ ផ.ស.សពិភពលោក, គិតជាទឹកប្រាក់ គឺប្រមាណ ៨៥ទ្រីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៨៕