(ភ្នំពេញ)៖ មន្ត្រីយោធាមកពីប្រទេសកូឡំប៊ីចំនួន២៨រូប ដែលមកហ្វឹកហ្វឺនជំនាញកម្មភាពកំចាត់មីន ជាមួយអង្គភាពស៊ីម៉ាក់ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានទៅទស្សនកិច្ចនៅវិមានឈ្នះ-ឈ្នះ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា វិមានឈ្នះ-ឈ្នះ បានក្លាយជាដួងព្រលឹង និងជានិមិត្តរូបនៃសមិទិ្ធផល នៃការអនុវត្តប្រកបដោយជោគជ័យ នៃគោលនយោបាយឈ្នះ-ឈ្នះ ដោយបានបញ្ចប់សង្គ្រាមបង្ហូរឈាមខែ្មរជាង៣០ឆ្នាំ និងនាំមកនូវសន្តិភាព យ៉ាងពេញលេញមួយពិតប្រាកដ សំរាប់ព្រះរាជាណាចក្រដ៏កំសត់ ដែលមិនធ្លាប់មានសន្តិភាពបែបនេះជាង៥០០ឆ្នាំនៃប្រវតិ្តសាស្ត្ររបស់ខ្លួន។
លោកបានឲ្យដឹងថា ប្រទេសកូឡំប៊ីមានសង្គ្រាមជាង៥០ឆ្នាំ និងទើបតែមានសន្តិភាពនៅចុងឆ្នាំ២០១៦ (៣០ វិច្ឆិកា ២០១៦) ជាប្រទេសតំបន់អាមេរិកឡាទីន មានសេដ្ឋកិច្ចរឹងមាំគួរសមដោយមានGDP សម្រាប់ម្នាក់ជាង១៥,០០០ដុល្លារ។ ទំហំផ្ទៃដីជាង១លានគីឡូម៉ែត្រក្រឡា និងមានប្រជាជនសរុបជិត៥០លាននាក់។
លោកបន្ថែមថា ស៊ីម៉ាក់ផ្តល់ការហ្វឹកហ្វឺនឲ្យនាយទាហ៊ានកូឡំប៊ីចំនួនជាង២០០នាក់ គិតពីឆ្នាំ២០១២ និងហ្វឹកហ្វឺនអ្នកគ្រប់គ្រងវិស័យមីនចំនួន១៥នាក់ និងធ្លាប់បានទទួលលិខិតថ្លែងអំណរគុណ ពីអតីតប្រធានាធិបតីកូឡំប៊ី ជូនរាជរដ្ឋាភិបាលផងដែរ។
សូមជម្រាបថា ទាហានកូឡំប៊ី២៨រូប បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមីថុនា ឆ្នាំ២០១៩ ដើម្បីហ្វឹកហ្វឺនជំនាញបោសសំអាតមីនជាមួយស៊ីម៉ាក់។ ដែលមាន២វគ្គ៖ វគ្គទី១ ចាប់នៅថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ដែលសិក្សាពីវិធីសាស្ត្រក្នុងការបោសសំអាតផ្ទៃដីដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិទាន់ផ្ទុះ (BAC) និងវគ្គទី២៖ ទាហានកូឡុំប៊ីចំនួន៨រូប មកហ្វឹកហ្វឺនរយៈពេលជិត២ខែ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ការប្រាស់ និងការថែទាំគ្រឿងចក្របោសសំអាតមីន៕