(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំសមាជិកសមាជិកា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥៨ខ្នង នៅកោះកាង ក្នុងឃុំពាមក្រសោប និងឃុំប៉ាក់ខ្លង។
នៅក្នុងឱកាសនោះលោកអភិបាលស្រុក បានពាំនាំអង្ករ មី និងតង់ ដើម្បីជួយដោះស្រាយបាន១រយៈ ខណៈមេឃកំពុងភ្លៀងជាប្រចាំ។
លោក ហាក់ ឡេង បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ៥៨ខ្នង ត្រូវខ្យល់កន្ត្រាក់លាយឡំនិងទឹកភ្លៀង វាយប្រហារបណ្តាលឲ្យរប៉ើកដំបូលខ្លះ និងខ្លះទៀត រងការខូចខាតស្ទើរទាំងស្រុង តែវាមិនបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ។
លោកបានលើកបន្ថែមថា ក្រោយពីទទួលព័ត៌មានពីលោកមេភូមិ មេឃុំភ្លាម លោកបានដឹកនាំសមាជិកសមាជិកា ចុះមកដល់គោលដៅភ្លាម ដែលជនរងគ្រោះនេះ ស្ថិតនៅលើកកោះដាច់ស្រយាល មានមុខរបរធ្វើនេសាទតែរដូវវស្សានេះ មិនអាចចេញធ្វើនេសាទបានឡើយ ព្រោះភ្លៀងខ្យល់បង្ករលកធំៗ ហើយវាងាយគ្រោះថ្នាក់បំផុតដល់អាយុជីវិត។
លោកបានបន្តថា «រយៈពេលនេះ យើងត្រូវការជួយជាបឋមសិន ដោះស្រាយឲ្យគាត់ជម្រកសិន ហើយក្រុមការងារកត់ត្រា នៃទំហ៊ំនៃការខូចខាត ហើយរាយការណ៍ជូនថ្នាក់ខេត្ត ធ្វើការកៀងគរពីសប្បុរសជន ដើម្បីជួយពួកគាត់ឲ្យបានទាន់ពេលវេលា ព្រោះនេះរដូវភ្លៀងខ្លាំង»៕