(ភ្នំពេញ)៖ ជប៉ុនកំពុងស្វែងរកបង្កើតភូមិខ្មែរចំនួន ៤កន្លែង នៅប្រទេសជប៉ុន ដើម្បីឱ្យប្រជាជនខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសជប៉ុន អាចជួបប្រាស្រ័យទាក់ទង និង រស់នៅដោយមានបរិយាកាសដូចជានៅមាតុប្រទេសរបស់សខ្លួន។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងសមាគម JICA ជប៉ុន ប្រចាំអាស៊ីអាគ្នេយ៍ និងលោក យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្ត្រី នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២១០១៩នេះ។
លោក Fumio Yamada ប្រធានអង្គការ JICA ជប៉ុន ប្រចាំអាស៊ីអាគ្នេយ៍ បានលើកឡើងថា ដើម្បីឱ្យកម្មសិក្សាការីខ្មែរអាចជួបប្រាស្រ័យទាក់ទងគ្នារវាងខ្មែរ និងខ្មែរ នៅប្រទេសជប៉ុន អាចទទួលទានអាហារខ្មែរ និងបរិយាកាសដែលមានលក្ខណៈដូចជា នៅប្រទេសកំណើតរបស់ពួកគេ ជប៉ុនកំពុងបង្កើតភូមិខ្មែរចំនួន ៤កន្លែង នៅក្នុងប្រទេសជប៉ុន។
លោក យី យ៉ូន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ គោលបំណងរបស់ជប៉ុន ក្នុងការបង្កើតភូមិខ្មែរនៅប្រទេសជប៉ុន និងការជួយពង្រឹងជំនាញថែទាំមនុស្សចាស់។ លោកបានចាត់ទុកថា នេះគឺជាបំណងដ៏ឧត្តម ហើយថាកម្ពុជានឹងសហការដោយរីករាយ។
លោក យី យ៉ូន បានបន្ថែម ថា នេះគឺជាការបង្ហាញមួយទៀត អំពីសាមគ្គីភាព និងមិត្តភាពរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំង២ កម្ពុជា-ជប៉ុន ហើយថា នៅកម្ពុជា បើទោះជាមិនទាន់មានភូមិជប៉ុន ក៏មានហាង និងអាហារដ្ឋានជប៉ុនច្រើនណាស់មកហើយដែរ។
បន្ថែមពីលើនេះ លោក Fumio Yamada បានឲ្យដឹងថា ចំណែកផ្ទៃដី ឬទីកន្លែង និងសំណង់អគារ គឺត្រូវបានរៀបចំចាត់ចែងរួចរាល់ហើយ នៅតែត្រូវការកិច្ចសហការពីថ្នាក់ដឹកនាំកម្ពុជា ដើម្បី បង្កើតភូមិខ្មែរនៅប្រទេសជប៉ុន ឲ្យកើតចេញជារូបរាង និងដំណើករាតែម្តង។
លើសពីនេះទៅ លោក Fumio Yamada ក៏បានបន្ថែមដែរថា JICA ពោធិ៍សែនជ័យ ក៏នៅតែបន្តពង្រឹងសមត្ថភាព ក្នុងការថែទាំមនុស្សចាស់នៅកម្ពុជា បន្ថែមទៀត តាមរយៈនាំអ្នកជំនាញមកបណ្តុះបណ្តាលគ្រូបង្គោលនៅកម្ពុជា។
ជាមួយគ្នានោះ លោកប្រធាន JICA ក៏បានស្នើឱ្យសិស្សនិស្សិត ឬមន្ត្រីកម្ពុជា ដែលមានចំណាប់អារម្មណ៍លើជំនាញថែទាំមនុស្សចាស់ អាចសិក្សានៅ JCIA ពោធិ៍សែនជ័យ រួចហើយបន្តទៅសិក្សានៅជប៉ុនទៀតក៏ជាការប្រសើរ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានកម្មសិក្សាការីកម្ពុជា នៅប្រទេសជប៉ុន ជាង ៩.០០០នាក់មកហើយ៕