(ភ្នំពេញ)៖ សំរាមយ៉ាងច្រើនប្រៀបដូចជា កូនភ្នំដែលគេយកមកចាក់នៅរំលោភលើផ្លូវបេតុងសាធារណៈចំនួន ២ខ្សែ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិងកំពុងជះក្លិនស្អុយសាយភាយចូលទៅក្នុងរោងចក្រ ក្នុងតំបន់ឧស្សាហកម្មកាណាឌីយ៉ា និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។
ក្លិនស្អុយរបស់សំរាមគ្រប់ភេទ កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់សុខភាពកម្មករ-កម្មការិនីរាប់ពាន់នាក់នៅក្នុងរោងចក្រ និងប្រជាពលរដ្ឋរាប់សិបគ្រួសារនៅក្បែរនោះ។
សំរាមទាំងនោះ ត្រូវបានគេយកទៅចាក់រំលោភយកផ្លូវជាងពាក់កណ្ដាលស្ទើទាំងស្រុង បង្កជាបញ្ហាក្នុងការធ្វើដំណើរលែងចង់កើត បង្កផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានសុខភាពរបស់អ្នកធ្វើដំណើរ និងបង្កឲ្យមានទឹកលិចហូរកាត់ផ្លូវជាអចិន្ត្រៃយ៍អស់រយៈពេលជាយូរឆ្នាំមកហើយ ពិសេសផ្លូវនឹងឆាប់រងការខូចខាតនៅពេលដ៏ឆាប់ខាងមុខ ជាក់ជាមិនខានឡើយ។
ជួបជាមួយលោក គ្រូច វណ្ណា អ្នកយកព័ត៌មានរបស់ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ បានលើកឡើងថា ផ្លូវទាំង ២ ខ្សែនេះត្រូវបានគេយកធ្វើទីតាំងចាក់សំរាមអស់រយៈពេលជាយូរឆ្នាំមកហើយ។ ផ្លូវទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធ្វើដំណើរបញ្ចៀសនូវការកកស្ទះចរាចរណ៍ តែពេលនេះ ដងផ្លូវទាំងមូលស្ទើតែត្រូវបិទចរាចរណ៍ទាំងស្រុងទៅហើយ។ ពួកគាត់ពិតជាមានការទើសចិត្តយ៉ាងខ្លាំងណាស់ចំពោះបញ្ហារនេះ។
ប្រជាពលរដ្ឋបានបន្តថា ពួកគេក៏បានឃើញមន្រ្តីអាជ្ញាធរចុះមកទីតាំងខាងលើជាញឹកញាប់ និងមានវិធានការផងដែរ ប៉ុន្តែវិធានការនោះគ្មានប្រសិទ្ធភាពនោះឡើយ។ ពោលក្រោយពេលអាជ្ញាធរ ចុះកើបសំរាមអស់ហើយ រយៈពេល ៣ទៅ៧ថ្ងៃ សំរាមទាំងនោះ ត្រូវបានចាក់គ្របដណ្ដប់លើដងផ្លូវទាំងមូលប្រៀបដូចជាកូនភ្នំវិញដដែល។
នៅពេលខ្លះ គេក៏ឃើញអាជ្ញាធរដាក់គ្រឿងចក្រ ដើម្បីកាយសំរាមនេះផងដែរ ប៉ុន្តែសំរាមនៅតែជាសំរាម ទឹកហូរកាត់ផ្លូវនៅតែហូរកាត់ផ្លូវ ត្រាំត្រែងជាពិសេសនោះ នៅពេលដែលមានភ្លៀងធ្លាក់ ខ្លាំងម្ដងៗ ផ្លូវបេតុងខាងលើ មានការជន់លិចចេញជាទឹកស្អុយកង្វក់លិចជាងពាក់កណ្ដាលម៉ូតូ ហើយលិចរយៈពេលយ៉ាងយូរ គឺលិចមិនអាចធ្វើដំណើរបាននោះឡើយ។
ប្រជាពលរដ្ឋចាត់ទុកថា បញ្ហាចម្បងបំផុតនោះ គឺបញ្ហាសុខភាពរបស់គាត់ និងកម្មករ-កម្មការិនី នៅក្នុងរោងចក្រតំបន់សួនឧស្សាហកម្មកាណាឌីយ៉ា រាប់ពាន់នាក់ ប៉ះពាល់បរិស្ថាន អនាម័យ ស្ទះប្រព័ន្ធលូបង្ហូរទឹក ដែលជាបញ្ហានាំឲ្យមានការជន់លិច និងទឹកលិចត្រាំត្រែងហូរធ្វើឲ្យឆាប់ខូចផ្លូវ ដែលប្រឈមនឹងបញ្ហាធ្ងន់ធ្ងរផងដែរ។
ប្រជាពលរដ្ឋ បានទទូចស្នើសុំឲ្យអាជ្ញាធរ សង្កាត់ ខណ្ឌ និងក្រុង សូមមេត្តាមានវិធានការកើបយកសំរាមទាំងនេះចេញឲ្យអស់ និងសូមកុំឲ្យមានការចាក់សំរាមនៅទីតាំងផ្លូវខាងលើនេះបន្តទៀត ព្រមទាំងសំអាតទីតាំងខាងលើ ឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាតឡើងវិញ។
អាជ្ញាធរគួរតែចាត់វិធានការក្តៅចាប់ផាកពិន័យទៅលើបុគ្គលណា ដែលយកសំរាមមកចោលនៅទីនេះបន្តទៀត៕