(កោះកុង)៖ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព ចំណីអាហារជូនប្រជាពលរដ្ឋ សាខាកាំកុងត្រូលខេត្តកោះកុង បានសហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរស្រុកមណ្ឌលសីមា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្តចុះត្រួតពិនិត្យគ្រឿងឧបរិភោគបរិភោគ បន្លែ ត្រី សាច់ មឹក បង្គា និងរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារប៉ាក់ខ្លង និងនៅតាមលំនៅដ្ឋានក្នុងភូមិសាស្រ្ត ក្នុងផ្សារនៃខេត្តកោះកុង ដោយផ្តោតសំខាន់ទៅមុខលើមុខទំនិញគ្រឿងភេសជ្ជៈហួសការបរិច្ឆេទ។
លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានថ្លែងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្តិភាពផលិតផលទំនិញ និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យលក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ កាលបរិច្ឆេទ កំប៉ុងកំពិតប៉ោងរលួយ ត្រួតពិនិត្យគុណភាពភាព ដោយធ្វើការវិភាគជាបឋម ទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូលដើម្បីកំណត់រកហានិភ័យ។
លោក ហ៊ុយ ភារម្យ បានបន្តថា ជាលទ្ធផលមន្ត្រីសាខាកាំកុងត្រូល ក្នុងចុះត្រួតពិនិត្យទំនិញ គ្រឿងភេសជ្ជ: គ្រឿងឧបរិភោគបរិភោគ ដែលអាជីវកដាក់តាំងលក់ នៅតាមតូបក្នុងប៉ាក់ខ្លង មន្ត្រីកាំកុងត្រូលរកមិនឃើញភេសជ្ជៈ និងគ្រឿងឧបរិភោគណា មានដាក់សារធាតុគីមី ឬមុខទំនិញណាហួសការបរិច្ឆេទនោះទេ។ ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញក៏នឹងធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយធ្វើការណែនាំអាជីវករ ឲ្យមានការយល់ដឹងកាន់តែខ្ពស់ ចំពោះបញ្ហានេះផងដែរ។
ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង ក៏បានធ្វើការអំពាវរនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វេចខ្ចប់ត្រឹមត្រូវ មានកាលបរិច្ឆេទ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងសុខមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករនៅក្នុងផ្សារ និងនៅតាមលំនៅដ្ឋាននេះ គឺដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេសមុននឹងទិញទំនិញ យកទៅប្រើប្រាស់ ឬបរិភោគ ដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ៕