(ភ្នំពេញ)៖ ក្រោយពីទទួលបានដំណឹងដ៏សែនក្រៀមក្រំបំផុតពី សាច់ញាតិក្រុមគ្រួសារ និងកូនៗថាបានបាត់បង់ឪពុក និងស្វាមីជាទីស្រលាញ់ នៃការទទួលមរណភាពរបស់ លោកអនុសេនីយ៍ឯក សាត ភឿន នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ, នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ នៅឯគេហដ្ឋានផ្ទាល់ ស្ថិតក្នុងក្រុមទី០១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជាមួយការនាំយកបច្ច័យចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ គល់ យី តំណាងស្នងការនគរបាលរាជធានីភ្នំពេញ និងមន្ត្រីចំណុះអធិការដ្ឋានទាំងអស់ សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ លោកអនុសេនីយ៍ឯក សាត ភឿន នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយប៉ាក ជាការបាត់បង់មន្ត្រី បានរួមចំណែកធ្វើពលីកម្មរាល់គ្រប់សកម្មភាពសព្វបែបយ៉ាង ដោយមិនគិតពីការនឿយហត់ ដែលកំពុងស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹបខ្សួល រំជួលចិត្តដ៏សែនក្រៀមក្រំ យ៉ាងក្រៃលែងនេះ។
ស្ថិតក្នុងសមានទុក្ខនោះ លោកយាយ លឿង សន ត្រូវជាម្ដាយនៃសព, អ្នកស្រី ផាត ស៉ីណា ត្រូវជាភរិយា និងកូនៗនៃសព, លោក លឿង វាសនា និងភរិយា ត្រូវជាប្អូននៃសព, លោក លឿង សុភាន និងភរិយា ត្រូវជាប្អូននៃសព និងជាអ្នកផ្ដើមបុណ្យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ លោកអធិការរង លោកនាយប៉ុស្ដិ៍ ពិសេសលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចាត់មន្ត្រីនាំយកបច្ច័យ មកចូលរួមបុណ្យ និងគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលែកទុក្ខយ៉ាងក្រៀមក្រំ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដោយជួបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក សាត ភឿន នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគាពាធ និងរៀបចំធ្វើបុណ្យខួប៧ថ្ងៃ ចំថ្ងៃអាទិត្យ០៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩៕