(ភ្នំពេញ)៖ រោងចក្រ ខ្មែរ ប៊ែវើរីជីស កំពុងត្រៀមខ្លួនធ្វើជាគោលដៅទេសចរណ៍ថ្មី ក្នុងរាជធានីភ្នំពេញ ជាមួយនឹងការកែប្រែមុខមាត់ថ្មី ដោយមានកន្លែងទទួលបដិសណ្ឋារកិច្ចដ៏ស្រស់ស្អាត និងហាងលក់វត្ថុអនុស្សាវរីយ៍។នេះបើតាមការឲ្យដឹង ពីលោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ និងទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងកម្មវិធីជួបជុំមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
ភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកធ្វើទស្សនកិច្ចរោងចក្រ ក៏មានឱកាសចូលរួមការងារសង្គមផងដែរ តាមរយៈការទិញវត្ថុអនុស្សាវរីយ៍ ក្នុងរោងចក្រដែលប្រាក់ចំណេញ ពីការលក់វត្ថុអនុស្សាវរីយ៍ទាំងនោះ នឹងយកទៅប្រើប្រាស់ក្នុងកិច្ចការសង្គមវិញ។
បច្ចុប្បន្នរោងចក្រ ខ្មែរ ប៊ែវើរីជីស កំពុងបើកទទួលស្វាគមន៍សាធារណជន ធ្វើទស្សនកិច្ចរោងចក្រ និងភ្លក់រសជាតិផលិតផលរបស់ក្រុមហ៊ុន។ ជាមួយនឹងការកែប្រែមុខមាត់ថ្មីនេះ រោងចក្រ ខ្មែរ ប៊ែវើរីជីស ក៏បើកសាលប្រជុំដ៏ទំនើបឲ្យសាធារណជនប្រើប្រាស់ដោយឥតគិតថ្លៃផងដែរ។
លោកបណ្ឌិតបានបន្តថា «តាមរយៈការផ្តល់សាលប្រជុំ ដល់សាធារណជនប្រើប្រាស់ដោយឥតគិតថ្លៃ និងការបើកទទួលស្វាគមន៍ភ្លៀវទេសចរណ៍ មកធ្វើទស្សនកិច្ចរោងចក្រនេះ យើងសង្ឃឹមថា រោងចក្រ ខ្មែរ ប៊ែវើរីជីស នឹងអាចបន្ថែមគោលដៅទេសចរណ៍ថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដែលទាំងអស់នេះអាចនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍មកកាន់រាជធានីភ្នំពេញ ជាពិសេសតំបន់ជើងឯកនេះកាន់តែច្រើន»៕